លោកត្រាំ បើកផ្លូវលក់យន្តហោះចម្បាំង F-35 ឱ្យតួកគីយេ ព្រមទាំងលើកសរសើរពីភាពស្មោះត្រង់របស់ប្រទេសនេះ ក្នុងប្លុកយោធា
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ បានប្រកាសជាសាធារណៈថា គម្រោងលក់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ទៅឱ្យប្រទេសតួកគីយេ គឺកំពុងស្ថិតនៅលើតុពិភាក្សា ដែលនេះជាសញ្ញាបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រយោធាដ៏ធំមួយ រវាងសម្ព័ន្ធមិត្តយោធាណាតូទាំងពីរ។
លោកត្រាំថ្លែងបែបនេះ ក្នុងកំឡុងដែលលោក ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគីយេ លោក រ៉េសិប ថាយីប អ៊ើរដូហ្គាន់ (Recep Tayyip Erdogan) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ក្នុងទីក្រុងអង់ការ៉ា (Ankara) ដោយលោក ត្រាំ កោតសរសើរថា តួកគីយេ គឺជាមិត្តដ៏ល្អ និងមានភាពស្មោះត្រង់ជាងប្រទេសដទៃទៀត ។
គួររំឭកដែរថា តួកគីយេ ត្រូវអាម៉េរិកបណ្តេញចេញពីកម្មវិធីផលិតយន្តហោះចម្បាំង F-35 កាលពីឆ្នាំ ២០១៩ ក្រោមហេតុផលថា ទីក្រុងអង់ការ៉ា បានបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលអាម៉េរិកបារម្ភថា អាចនឹងធ្វើឱ្យធ្លាយបច្ចេកវិទ្យាសម្ងាត់របស់យន្តហោះចម្បាំងបំបាំងកាយអាម៉េរិក ។
ទោះជាយ៉ាងណាក៏ដោយ គោលជំហរបើកផ្លូវរបស់លោក ត្រាំ នៅពេលនេះ នៅតែត្រូវប្រឈមមុខនឹងរបាំងផ្លូវច្បាប់ និងនយោបាយយ៉ាងតឹងរ៉ឹងពីសភាអាម៉េរិក ដែលទាមទារឱ្យដោះស្រាយរឿងអាវុធរុស្ស៊ីជាមុនសិន រួមទាំងការរារាំង និងព្រមានយ៉ាងខ្លាំងពីសំណាក់ប្រទេសអ៊ីស្រាអ៊ែល ដែលបារម្ភពីការបាត់បង់តុល្យភាពអំណាចយោធានៅតំបន់មជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ The Nation/ EPA Images via FMT.