សម្ដេចតេជោ ហ៊ុន សែន ព្យាករណ៍ថា ក្រោយឆ្នាំ២០៣០ សេដ្ឋកិច្ចកម្ពុជា នឹងហក់ឡេីងខ្ពស់ ដោយខេត្ដទិសឦសាន មានសក្កានុពល កសិ-ឧស្សាហកម្ម និងធនធានរ៉ែ
រតនគិរី៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញជំនឿចិត្ដថាសម្រាប់ខេត្ដរតនគិរី នឹងមានការរីកចម្រើនខ្លាំងនៅពេលខាងមុខ ដោយសម្ដេចបានថ្លែងថា បច្ចុប្បន្ននេះយើងអាចមិនទាន់ឃើញពីភាពរីកចម្រើន និងអភិវឌ្ឍន៍ របស់ខេត្ដនេះក៏ប៉ុន្ដែការលើកឡើងនេះដោយសារគេប្រហែលជាមិនទាន់ឃើញពីអនាគតនៃខេត្ដរតនគិរី រួមទាំងខេត្ដនៅទិសឦសាន ។
មានប្រសាសន៍បែបនេះនាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរអញ្ជើញចុះទៅកាន់មូលដ្ឋានដើម្បីជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សា ខេត្ដ ក្រុង ឃុំ ស្រុក សង្កាត់ និងមន្ទីរអង្គភាពនានាជុំវិញខេត្ដរតនគិរី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
សម្ដេចតេជោ ហ៊ុន សែន បានដាក់ការព្យាករណ៍ថា ក្រោយឆ្នាំ២០៣០ សេដ្ឋកិច្ចកម្ពុជានឹងហក់ឡើង នៅពេលដែលយើងមានសក្កានុពល កាន់តែខ្លាំងលើដំណាំ ឧស្សាហកម្ម និងការកែច្នៃ បូកជាមួយធនធានរ៉ែដែលយើងយកមកប្រើប្រាស់។
សម្ដេចបានបន្ថែមថា នៅខេត្ដទិសឦសាន ក្រចេះ មណ្ឌលគិរី រតនគិរីសុទ្ធតែសមត្ថភាពផលិតមាស នឹងបន្ដផលិតឲ្យបានកាន់តែច្រេីន ហើយស្របជាមួយគ្នានេះនៅពេលខាងមុខនឹងបន្ដសិក្សាលក្ខណ:បច្ចេកទេសដោយកន្លែងខ្លះ អាចនឹងមានធ្យូងថ្មដែលអាចយកមកប្រើប្រាស់បាន។
យោងតាមរបាយការណ៍របស់ លោក ញ៉ែម សំអឿន អភិបាលខេត្ដរតនគិរី ជុំវិញវិស័យកសិកម្ម៖ ខេត្តមានផ្ទៃដីដាំកៅស៊ូសរុប ៧១.៣៥៦,៧ ហិកតា និងមាន ផ្ទៃដីចៀរ ជ័រ ៦២.៥៨៦,៤ ហិកតា និងទទួលបានផលជាមធ្យម ១,២តោន/ហិកតា។ ខេត្តបាននាំចេញកៅស៊ូក្រែប តាមច្រកទ្វាអូរយ៉ាដាវប្រចាំខែប្រមាណ ១.០៥០តោន ដោយក្នុងមួយថ្ងៃផលិតបាន ៣៥តោន និង មានតម្លៃនាំចេញ ១.៨៥០ដុល្លា/តោន ។
ដោយឡែកវិស័យវិស័យឧស្សហកម្ម៖ មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ៖ រោងចក្រកែ ច្នៃកៅស៊ូចំនួន៥, កែច្នៃចេកចំនួន២, កែច្នៃកៅស៊ូ ដូងប្រេង ផ្លែឈើចំនួន១ និងកែច្នៃ ដំឡូង មីចំនួន១ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២ មូលដ្ឋាន។
បន្ថែមពីនោះវិស័យរ៉ែ និងថាមពល៖ អាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជា៖ ឧស្សាហកម្មរ៉ែមាសមាន ២ក្រុមហ៊ុន(ឥណ្ឌា និងចិន) នៅស្រុកអូរយ៉ាដាវ អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន (ខ្មែរ និងចិន) នៅស្រុកលំផាត់។ អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន (ខ្មែរ) នៅស្រុកអូរជុំ និងស្រុកលំផាត់ អាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន (ខ្មែរ) នៅស្រុក វើនសៃ ស្រុកលំផាត់ និងស្រុកកូនមុំ៕
អត្ថបទ៖ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង