ការវាយប្រហារលើនាវាដឹកប្រេងនៅច្រកសមុទ្រហ័រមូស គំរាមកំហែងដល់ស្ថិរភាពថាមពលសកល
មជ្ឈិមបូព៌ា៖ ស្ថានភាពសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា បានធ្លាក់ចូលក្នុងស្ថានភាពវឹកវរសារជាថ្មី បន្ទាប់ពីនាវាដឹកប្រេងមួយគ្រឿង ទទួលរងនូវការវាយប្រហារដោយ «គ្រាប់ប្លោងដែលគេមិនស្គាល់ប្រភពច្បាស់លាស់» បណ្តាលឱ្យផ្ទុះឡើងក្លាយទៅជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅជិតតំបន់ច្រកសមុទ្រ ហ័រមូស កាលពីថ្ងៃចន្ទ។
ស្ថាប័នសន្តិសុខនាវាចរណ៍ចក្រភពអង់គ្លេស (UKMTO) បានបង្ហើបថា ឧបទ្ទវហេតុដ៏គ្រោះថ្នាក់នេះ បានកើតឡើងនៅចំណុចដែលមានចម្ងាយ ៨ ម៉ាយល៍ (ជិត១៥គីឡូម៉ែត្រ) ខាងកើតកោះ លីម៉ា (Limah) ប្រទេសអូម៉ង់ ខណៈនាវាដឹកប្រេងខាងលើ កំពុងធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែជាសំណាងល្អ មិនទាន់មានរបាយការណ៍ស្តីពីការបាត់បង់ជីវិតមនុស្ស ឬបង្កផលប៉ះពាល់ដល់បរិស្ថានសមុទ្រនៅឡើយទេ។
ព្រឹត្តិការណ៍វាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងចំផ្លូវនាវាចរណ៍ដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតមួយរបស់ពិភពលោក បើទោះបីជាបច្ចុប្បន្ន មានបទឈប់បាញ់គ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ព្រមទាំងមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីស្វែងរកកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងក៏ដោយ។
ភ្លាមៗបន្ទាប់ពីកើតហេតុ ទីភ្នាក់ងារសារព័ត៌មានអាម៉េរិក អេសៀស (Axios) បានស្រង់សម្តីពីមន្ត្រីអាម៉េរិកសុំមិនបញ្ចេញឈ្មោះ បានទម្លាយព័ត៌មានថា ភាគីអ៊ីរ៉ង់ បានបាញ់មីស៊ីលយ៉ាងហោចណាស់ពីរគ្រាប់ សំដៅលើនាវាពាណិជ្ជកម្ម ហើយថែមទាំងមាននាវាទីពីរមួយគ្រឿងទៀត រងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ។
គួររំឭកថា ច្រកសមុទ្រ ហ័រមូស ធ្លាប់ជាចំណុចក្តៅនៃការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ក្នុងកំឡុងសង្រ្គាមមជ្ឈិមបូព៌ា នៅពេលដែលអ៊ីរ៉ង់បានបិទផ្លូវទឹកនេះ ដែលធ្វើឱ្យសហរដ្ឋអាម៉េរិកសម្រេចចិត្តដាក់ពង្រាយកងទ័ពជើងទឹក បិទផ្លូវទឹកវិញ និងបានបើកការវាយប្រហារសងសឹកជាបន្តបន្ទាប់។
ការធ្វើចរាចរណ៍តាមផ្លូវទឹកនេះ ទើបតែចាប់ផ្តើមដំណើរការឡើងវិញ កាលពីខែមុន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៍រ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ប៉ុន្តែអ៊ីរ៉ង់បានព្រមានជាថ្មីថា នាវាទាំងអស់មិនអាចឆ្លងកាត់ដោយសេរីដូចមុនបានទេ គឺត្រូវតែប្រើប្រាស់ផ្លូវដែលខ្លួនបានកំណត់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ គឺជាទ្វារសេដ្ឋកិច្ចដ៏សំខាន់បំផុត សម្រាប់ការនាំចេញថាមពលពីតំបន់ឈូងសមុទ្រ ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសគឺតំបន់អាស៊ី ដោយសារតែមានប្រេងឆៅប្រហែល ២០ លានបារ៉ែល ឬស្មើនឹងមួយភាគប្រាំនៃប្រេងឆៅសរុបនៅលើពិភពលោក ត្រូវដឹកជញ្ជូនឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ (AP/Amirhosein Khorgooi)/ (REUTERS/Stringer/File Photo).