ព័ត៌មានអន្តរជាតិ

ជីវិតកុមារនៅប៉ាឡេស្ទីន នៅតែស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ ដោយសារតែការវាយប្រហារពីសំណាក់អ៊ីស្រាអ៊ែល

image

ប៉ាឡេស្ទីន៖ សោកនាដកម្មនៃការបាត់បង់ជីវិតរបស់កុមារ និងយុវជនប៉ាលេស្ទីន នៅតែបន្តហក់ឡើងក្នុងកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ ចាប់តាំងពីចុងឆ្នាំ២០២៣ មក ដោយជីវិតរបស់ក្រុមគ្រួសាររាប់រយនាក់នៅទូទាំងដែនដីប៉ាឡេស្ទីន ត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី ដោយសារតែការវាយប្រហារ និងអំពើហិង្សាយ៉ាងព្រៃផ្សៃពីសំណាក់កងទ័ពអ៊ីស្រាអ៊ែល និងក្រុមអ្នកតាំងទីលំនៅថ្មីខុសច្បាប់ ។
យោងតាមរបាយការណ៍ ជនរងគ្រោះជាកុមារជាច្រើននាក់ ត្រូវបានបាញ់សម្លាប់ទាំងឈាមត្រជាក់នៅក្នុងស្ថានភាពផ្សេងៗគ្នា ដូចជាយុវជន អូស ណាសាន (Aws Na’san) អាយុ ១៥ ឆ្នាំ ត្រូវគេបាញ់ស្លាប់នៅមុខទ្វារសាលារៀន, ទារក សាម អាប៊ូ ហៃកាល់ (Sam Abu Haikal) អាយុទើប ៧ ខែ ត្រូវគ្រាប់កាំភ្លើងធ្លាយក្បាលក្នុងរង្វង់ដៃម្តាយ និងយុវជន អាមីរ ហ្សាបឺ (Ameer Jaber) អាយុ ១៥ ឆ្នាំ ត្រូវអ្នកបាញ់ស៊ីបបាញ់ចំក្បាល ខណៈពេលដើរទៅហាងជួសជុលទូរសព្ទ ដោយភាគីអ៊ីស្រាអ៊ែលតែងតែចោទប្រកាន់កុមារទាំងនោះជា «ភេរវករ» ដើម្បីបិទបាំងកំហុស ។
ជុំវិញករណីនេះ អង្គការសិទ្ធិមនុស្សអ៊ីស្រាអ៊ែល បេត្សេឡិម (B’Tselem) បានចេញមុខលាតត្រដាងថា កងកម្លាំងអ៊ីស្រាអ៊ែល ហាក់ដូចជាទទួលបាន «ច្បាប់អនុញ្ញាតឱ្យសម្លាប់មនុស្ស» តាមរយៈការអនុវត្តគោលនយោបាយបើកការបាញ់ប្រហារដោយសេរី និងធូររលុងនៅក្នុងតំបន់ វេសប៊ែង (West Bank) ហើយអ្វីដែលជាចំណុចរួមដ៏អយុត្តិធម៌បំផុតនោះគឺ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលមានកុមារស្លាប់ជាង ២៣០ នាក់មកនោះ នៅមិនទាន់មានទាហាន ឬជនល្មើសអ៊ីស្រាអ៊ែលណាម្នាក់ ត្រូវបានយកមកកាត់ទោសតាមច្បាប់ឡើយ ។
លើសពីនេះ អ៊ីស្រាអ៊ែលថែមទាំងបានអនុវត្តគោលនយោបាយដកហូត និងរក្សាទុកសាកសពកុមារប៉ាលេស្ទីនមិនឱ្យសាច់ញាតិយកទៅធ្វើបុណ្យ ដែលជាសកម្មភាពរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងបង្កជាការឈឺចាប់ទ្វេដងដល់ក្រុមគ្រួសារជនរងគ្រោះ ខណៈកងទ័ពអ៊ីស្រាអ៊ែល (IDF) មិនអាចផ្តល់ចម្លើយបំភ្លឺជុំវិញការរក្សាទុកសាកសពទាំងនេះបានឡើយ បើតាមការផ្សាយផ្ទាល់របស់កញ្ញា ឆាឡុត ឌូបេនស្គី (Charlotte Dubenskij) អ្នកយកព័ត៌មានរបស់ស្ថាប័ន RT ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT Video.