ក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមបញ្ឈប់ភ្លើងឆេះព្រៃដ៏ខ្លាំងក្លា ដែលកំពុងវាយប្រហារខេត្ត Castellon ប្រទេសអេស្ប៉ាញ
អេស្ប៉ាញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិ កំពុងតែប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ នៅក្នុងខេត្តខាស្តេយ៉ុង (Castellon) ភាគខាងកើតប្រទេសអេស្ប៉ាញ បន្ទាប់ពីគ្រោះមហន្តរាយភ្លើងឆេះព្រៃខ្នាតយក្ស បានកើតមានឡើងយ៉ាងសន្ធោសន្ធៅ កាលពីថ្ងៃចន្ទ ។
ដើម្បីទប់ទល់នឹងការរីករាលដាលនៃអណ្តាតភ្លើងដ៏កាចសាហាវនេះ ក្រុមពន្លត់អគ្គិភ័យអេស្ប៉ាញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយរួមបញ្ចូលគ្នារវាងការប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះទម្លាក់ទឹកពីលើអាកាស ព្រមទាំងការដាក់ពង្រាយកម្លាំងសង្គ្រោះនៅលើដី និងការប្រើប្រាស់គ្រឿងចក្រឈូសដីធុនធ្ងន់ ដើម្បីបង្កើតជារនាំងការពារភ្លើងផងដែរ ។
ប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ បានធ្វើឡើងពេញមួយថ្ងៃ ទាំងនៅលើដី និងលើអាកាស ទោះបីជាត្រូវប្រឈមមុខនឹងភាពលំបាកខ្លាំង ដោយសារតែសណ្ឋានដីនៅតំបន់ជនបទនោះ មានភាពរដិបរដុប និងជាតំបន់ភ្នំសម្បូរទៅដោយព្រៃឈើក្រាស់ៗ ដែលងាយឆាបឆេះយ៉ាងណាក៏ដោយ ។
យោងតាមប្រព័ន្ធព័ត៌មានតាមដានភ្លើងឆេះព្រៃអឺរ៉ុប ហៅកាត់ថា EFFIS បានឱ្យដឹងថា ប្រទេសអេស្ប៉ាញនៅតែបន្តស្ថិតក្នុងចំណោមប្រទេសនៅអឺរ៉ុប ដែលរងការវាយប្រហារដោយភ្លើងឆេះព្រៃធ្ងន់ធ្ងរបំផុត នៅចន្លោះខែមិថុនា ដល់ខែកញ្ញា ដែលពោរពេញដោយអាកាសធាតុក្តៅខ្លាំង ព្រៃឈើស្ងួត និងមានខ្យល់បក់បោកខ្លាំង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.