ព័ត៌មានជាតិ

ក្រសួងបរិស្ថានបញ្ឃប់ការចាក់សំរាមនៅទីលានទុកដាក់សំរាម១កន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូលតំបន់អូរធម្មជាតិ

image

ព្រះសីហនុ៖ ក្រុមមន្ត្រីអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យករណីបង្កឲ្យត្រីងាប់ (ត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ)។

ក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមមន្ត្រីជំនាញបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាម១កន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ដែលបានរៀបចំឡើងពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ដាន និងសំណល់រាវលេចចេញ ប៉ះពល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់ខាងលើ។ ក្រុមការងារបានយកសំណាកទឹកមកពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដានប៉ារ៉ាមែត្រ នៃសាធាតុបំពុលទឹកបន្ថែមទៀត។

មន្ត្រីជំនាញក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងខាងលើ ចាប់ពីពេលនេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថានជាបន្តទៀត ក្រុមមន្ត្រីជំនាញបានបន្តអនុវត្តវិធានការច្បាប់ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment Co., Ltd. ដែលបានប្រមូលសំណល់រឹងស្សាហកម្ម ទៅចាក់នៅទីតាំងខាងលើ បង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ និងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញ៕