ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ព្រមានអ្នកនេសាទទាំងឡាយណាដែលប្រើឧបករណ៍នេសាទខុសច្បាប់

image

សៀមរាប៖ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានលើកឡើងថា អាជ្ញាធរខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះជីវភាពរបស់ប្រជាពលរដ្ឋទូទៅ។ ដោយឡែកសម្រាប់ប្រជានេសាទ អាជ្ញាធរក៏កាន់តែយកចិត្តទុកដាក់បន្ថែមទៀត ជាពិសេសនៅក្នុងរដូវបិទនេសាទនេះ។ លោកក៏បានប្រកាសអនុវត្តច្បាប់យ៉ាងដាច់ណាត់ចំពោះបុគ្គលទាំងឡាយណាដែលប្រកបរបរនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ផងដែរ។

លោក អ៊ឹង គឹមលាង ប្រកាសបែបនេះនៅចំពោះមុខប្រជានេសាទមកពីឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងកម្មវិធីប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល សេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តកំពង់ឃ្លាំង ខេត្តសៀមរាប។ លោកបានបញ្ជាក់ថា អ្នកនេសាទទាំងឡាយណាដែលប្រើឧបករណ៍ខុសច្បាប់ ដូចជាការនេសាទដោយ”ឧបករណ៍ឈ្នាងអូសលៀស ត្រូវរកដោយដៃ ហើយក្រឡាសាច់អួនស្របតាមច្បាប់ស្តីពីជលផលឧបសម្ព័ន្ធទី ២។ ចំពោះកញ្ច្រែងរែងលៀសត្រូវមានក្រឡា ១,៣សង់ទីម៉ែត្រ ឬ ១៣លី និងការរកដោយកម្លាំងម៉ាស៊ីនត្រូវបានហាមឃាត់ដាច់ខាត បើអ្នកនៅតែប្រព្រឹត្តិត្រូវអនុវត្តតាមច្បាប់ជាដាច់ខាត។

ទន្ទឹមនេះលោកអភិបាលរងខេត្តសៀមរាប ក៏បានដាក់បទបញ្ជាដល់ខណ្ឌរដ្ឋបាលជលផលឱ្យអនុវត្តច្បាប់ឱ្យបានតឹងរឹង មន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ឱ្យសហការគ្នាក្នុងចុះអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅក្នុងការការពារធនធនជលផលជាពិសេសនៅក្នុងរដូវត្រីពងកូននេះ។

សូមជម្រាបថា រដូវបិទនេសាទនៅបឹងទន្លេសាប ត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ រយៈពេលនេះត្រូវបានរៀបចំឡើងដើម្បីទុកឱកាសឱ្យត្រីមេពូជបានធ្វើចំណាកស្រុក ពងកូន និងលូតលាស់ ធានាបាននូវនិរន្តរភាពធនធានជលផលសម្រាប់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលបិទរដូវនេសាទនេះ គ្រប់ការធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ឧស្សាហកម្ម ឬឧបករណ៍ខ្នាតធំ (ឡូតិ៍នេសាទ) ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។ ទោះជាយ៉ាងណា ប្រជានេសាទនៅតែត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍នេសាទលក្ខណៈគ្រួសារ (ខ្នាតតូច) សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកឡើងដោយមោទនភាពផ្សព្វផ្សាយច្បាប់ស្តីពីជលផល សេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២៦ និងឧបសម្ព័ន្ធឧបករណ៍ខ្នាតតូចនេះថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ទិន្នផលត្រីមានការកើនឡើង ដែលនេះដោយសារលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទ និងដោយសារការចូលរួមគោរពច្បាប់របស់ប្រជានេសាទ។ ការណ៍នេះប្រជានេសាទបានសាទរចំពោះ «ច្បាប់ស្តីពីជលផល»ថ្មី ដោយពួកគាត់ប្តេជ្ញាក្នុងការអនុវត្តច្បាប់នេះឱ្យបានទាំងអស់គ្នា។

លោកអនុរដ្ឋលេខាធិការ ក៏បានអំពាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតសិ្នទ្ធ លើវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ហើយបានស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌ ធ្វើប៉ាណូសរសេរអំពីឧបករណ៍ទាំង៤៩ឧបករណ៍ ពន្យល់ ស្ដីពី«ការរដូវបិទ» ដោយសង្ខេបឱ្យពលរដ្ឋដឹងនូវជំពូកដែលបានចែង និងការពិន័យអន្តរការដើម្បីឱ្យមានការគោរពច្បាប់ស្តីពីជលផល៕



អត្ថបទ៖ ជា ស្រស់