ព័ត៌មានអន្តរជាតិ

ករណីចោរប្លន់គ្រឿងអលង្ការតម្លៃរាប់លានអឺរ៉ូនៅបារាំង បង្កើតជាក្តីបារម្ភយ៉ាងខ្លាំងជុំវិញប្រព័ន្ធសន្តិសុខការពារវត្ថុបុរាណ

image

បារាំង៖ ប្រទេសបារាំង រងការរង្គោះរង្គើជាថ្មីម្តងទៀត ដោយសារករណីចោរកម្ម និងប្លន់គ្រឿងអលង្ការទ្រង់ទ្រាយធំមួយ ដែលមានតម្លៃរហូតដល់ទៅប្រមាណ ៤,៥ លានអឺរ៉ូ ពីសារមន្ទីរ ឡាលីក (Lalique) ស្ថិតនៅក្នុងតំបន់ វីងហ្គិន-ស៊ួរ-ម៉ូឌើ (Wingen-sur-Moder) ភាគឦសានប្រទេសបារាំង កាលពីព្រលឹមថ្ងៃអាទិត្យកន្លងទៅ ។
 
នៅក្នុងប្រតិបត្តិការចោរកម្មដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ក្រុមចោរបានចំណាយពេលត្រឹមតែ ១១ នាទីប៉ុណ្ណោះ ក្នុងការវាយបំបែកទូកញ្ចក់ដាក់តាំងបង្ហាញ រួចប្រមូលយកគ្រឿងអលង្ការប្រហែល ២០ ដុំ ដែលក្នុងនោះមានវត្ថុមានតម្លៃកម្រិតខ្ពស់ និងកម្របំផុតចំនួន ៦ មុខ ហើយអាចរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ទោះបីជាប្រព័ន្ធសំឡេងអាសន្នរោទ៍របស់សារមន្ទីរបានបន្លឺឡើងភ្លាមៗ ក្នុងពេលបំរុងលបចូលក៏ដោយ ។
 
អ្នកសម្អាតម្នាក់ ដែលបានមកដល់ទីកន្លែងកើតហេតុភ្លាមៗ បានផ្តល់ដំណឹងជាបន្ទាន់ទៅកាន់សមត្ថកិច្ចបារាំង បន្ទាប់ពីប្រព័ន្ធអាសន្នបានបន្លឺសំឡេង ខណៈវីដេអូកាលពីថ្ងៃចន្ទ បង្ហាញថា សារមន្ទីរដែលដាក់តាំងបង្ហាញស្នាដៃរបស់កំពូលអ្នកច្នៃកែវ និងគ្រឿងអលង្ការដ៏ល្បីល្បាញ លោក រឺណេ ឡាលីក (Rene Lalique) មួយនេះ ត្រូវបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ន ។
 
គួររំឭកថា ករណីកម្មចោរកម្មមួយនេះ បានកើតឡើងបន្ទាប់ពីសារមន្ទីរ លូហ្វ (Louvre) នៅក្នុងទីក្រុងប៉ារីស ទើបតែជួបប្រទះនូវករណីប្លន់គ្រឿងអលង្ការទ្រង់ទ្រាយធំកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលករណីទាំងនេះបានឆ្លុះបញ្ចាំង និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងជុំវិញប្រព័ន្ធសន្តិសុខការពារវត្ថុបុរាណ និងការប្រមូលផ្តុំសម្បត្តិវប្បធម៌ដែលមានតម្លៃបំផុតរបស់ជាតិ ទោះបីជាមានការប្រកាសរឹតបន្តឹងសន្តិសុខក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.