ព័ត៌មានអន្តរជាតិ

ចិន បដិសេធចំពោះរបាយការណ៍របស់អាល្លឺម៉ង់ ដែលចោទថា កងទ័ពចិនបានបង្ហាត់ទាហានរុស្ស៊ី

image

ចិន-អាល្លឺម៉ង់៖ ភាពតានតឹងផ្នែកការទូតរវាងចិន និងអាល្លឺម៉ង់ បានកើតមានឡើងបន្ទាប់ពីលោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ បានចេញមុខបដិសេធដាច់អហង្ការចំពោះរបាយការណ៍ដែលថា កងទ័ពចិនបានលួចលាក់បណ្តុះបណ្តាលទាហានរុស្ស៊ី ខណៈទីក្រុងប៊ែឡាំងបានកោះហៅឯកអគ្គរដ្ឋទូតចិន លោក តឹង ហុងប៉ូ (Deng Hongbo) ចូលជួបពិភាក្សាដេញដោលជាបន្ទាន់ ។
 
ការកោះហៅប្រមុខទូតចិននេះ ធ្វើឡើងបន្ទាប់ពីកាសែតអាល្លឺម៉ង់ ឌី វែល (Die Welt) បានស្រង់ប្រភពពីឯកសារសម្ងាត់របស់ស្ថាប័នស៊ើបការណ៍សម្ងាត់អឺរ៉ុប ដោយអះអាងថា កងទ័ពរំដោះប្រជាជនចិន (PLA) បានលួចលាក់បង្ហាត់ទាហានរុស្ស៊ីជាច្រើនរយនាក់នៅលើទឹកដីចិន ហើយក្នុងនោះមានទាហានខ្លះត្រូវបានបញ្ជូនទៅធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន រួចទៅហើយ។
 
ជុំវិញការចោទប្រកាន់ដ៏ធ្ងន់ធ្ងរនេះ ភាគីចិនបានវាយបកវិញភ្លាមៗថា ជារបាយការណ៍ដែលគ្មានមូលដ្ឋានពិតប្រាកដ និងជាការមួលបង្កាច់ បង្ខូចកេរ្តិ៍ឈ្មោះសុទ្ធសាធ ដោយលោកស្រី ម៉ៅ នីង សង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងតែងតែរក្សាជំហរមិនលំអៀង និងប្រកាន់ខ្ជាប់នូវការស្វែងរកដំណោះស្រាយសន្តិភាពតាមវិធីសាស្ត្ររបស់ខ្លួន ហើយដាស់តឿនឱ្យអាល្លឺម៉ង់មើលឃើញរឿងនេះដោយហេតុផលត្រឹមត្រូវ។
 
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក យ៉ូហាន វ៉ាដេភុល (Johann Wadephul) បញ្ជាក់ថា ខ្លួនត្រូវតែបន្តជជែកដេញដោលជាមួយចិនឱ្យបានម៉ត់ចត់បន្ថែមទៀត ព្រោះអាល្លឺម៉ង់មិនអាចទទួលយកបាននូវមន្ទិលសង្ស័យដែលមិនទាន់ដោះស្រាយឡើយ ដោយសារតែការកើនឡើងនៃការគាំទ្ររបស់ចិនចំពោះទីក្រុងមូស្គូ គឺកំពុងជះឥទ្ធិពល និងគំរាមកំហែងដោយផ្ទាល់ ដល់ប្រព័ន្ធសន្តិសុខរបស់អឺរ៉ុប ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (Alexander KAZAKOV / POOL / AFP)