សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថាប័នពាក់ព័ន្ធគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេសទៅនឹងប្រទេសជិតខាង និងតំបន់
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ, លឹម មុនី
------
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការប្រើប្រាស់យន្តការភាពជាដៃគូរវាងរដ្ឋ និង ឯកជន ដើម្បីបន្តអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗទាំង ផ្លូវគោក, ផ្លូកដែក, ផ្លូវទឹក, កំពង់ផែ និង ផ្លូវអាកាស ជាពិសេស គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធឡូជីស្លឹក គម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែល មានស្រាប់ភ្នំពេញ-ក្រុងព្រះសីហនុ និងខ្សែផ្លូវរថភ្លើងថ្មី ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ ព្រមទាំងការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែមតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ក្នុងប្រទេសទៅនឹងប្រទេសជិតខាង និង តំបន់។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្លឹកកម្ពុជា ឱ្យមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និង ចីរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ដល់ក្រសួងសាធារណការ និង ដឹកជញ្ជូនត្រូវបន្តជំរុញការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង លិខិតបទដ្ឋានគតិយុត្ត ដើម្បីលើកកម្ពស់ គុណភាព, តម្លាភាព និង គណនេយ្យភាព នៃការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធ ដឹកជញ្ជូន និង ឡូជីស្លឹកនៅកម្ពុជា ៕