សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់កំពង់ផែពហុបំណង នៅខេត្តក្រចេះ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹក
អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ, លឹម មុនី
--------
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "រាជរដ្ឋាភិបាលកម្ពុជា កំពុងសាងសង់កំពង់ផែពហុបំណង នៅខេត្តក្រចេះ ដើម្បីជំរុញការដឹកជញ្ជូនតាមផ្លូវទឹក ពោល គឺជំរុញសក្ដានុពលសេដ្ឋកិច្ចការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងតំបន់ភាគឦសាននៃប្រទេសកម្ពុជា"។
នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។
សូមជម្រាប កំពង់ផែនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូនទំនិញផ្លូវទឹក ដោយដើរតួនាទីជាចំណុចតភ្ជាប់ ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញកសិកម្ម និងធនធានផ្សេងៗចេញពីតំបន់ខេត្តក្រចេះ និងខេត្តជុំវិញតាមរយៈផ្លូវទឹក និងចូលរួមកាត់បន្ថយការចំណាយលើការដឹកជញ្ជូន និងបង្កើនប្រសិទ្ធភាពក្នុងការនាំចេញនាំចូលទំនិញ ដោយប្រើប្រាស់សក្តានុពល នៃទន្លេមេគង្គ។
សម្តេចធិបតី ក៏បានបញ្ជាក់ថា “រាជរដ្ឋាភិបាលតែងតែចាត់ទុក ផ្លូវ ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដោយបន្តផ្តល់ អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធ ផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និង ផ្លូវអាកាស ស្របតាមទិស ស្លោក «មានផ្លូវ, មានសង្ឃឹម» សំដៅពង្រឹងពង្រីកការតភ្ជាប់ប្រទាក់ក្រឡានូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន”៕