ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ ( រង្វង់មូលស្គន់- រង្វង់មូលគល់ស្ពានគីហ្សូណា កំពង់ចាម )

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ, លឹម មុនី

…………………….
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ពិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល វិស័យឯកជន ប្រជាពលរដ្ឋរស់នៅលើទឹកដីខេត្តកំពង់ចាម។
 
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “កំណាត់ ផ្លូវជាតិលេខ៧នេះ ត្រូវបានស្តារ និងស្ថាបនាឡើងវិញកាលពីឆ្នាំ១៩៩៩ ជា ប្រភេទ ផ្លូវ ក្រាល បេតុង កៅ ស៊ូ(AC) មានទទឹង ៧ម៉ែត្រ និង ៩ម៉ែត្រ ដែលកាលនោះកំណាត់ផ្លូវនេះ រួមជាមួយនឹង ស្ពាន មិត្តភាពកម្ពុជា-ជប៉ុន (ស្ពាន គីហ្សូណា) ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងពីរដ្ឋាភិបាល នៃប្រទេសជប៉ុន ។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានប្រកាស បើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា”។
 
ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តថា “គម្រោងសាងសង់ឡើងវិញ កំណាត់ផ្លូវជាតិលេខ៧ មាន ប្រវែងជាង ៤៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់(ទីរួមស្រុកជើងព្រៃ) ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅ ស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើ ចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លង មក)  ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវ ប្រវែង ១,៥ម៉ែត្រ។ កំណាត់ផ្លូវជាតិនេះបាន រួមបញ្ចូលនូវការសាងសង់ស្ពានចំនួន ៨កន្លែង ក្នុងនោះស្ពានថ្មី ១កន្លែង  មានប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែង ផ្សេងទៀត មានប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែម ស្ពានចាស់ដែល មាន ស្រាប់ចំនួន ១កន្លែង មានទទឹង ១០,៥ ម៉ែត្រ ។ បន្ថែមពីនេះ គម្រោងក៏មានសាងសង់ស្ថានីយជញ្ជីង ថ្លឹងរថយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ចំនួន ២កន្លែង បំពាក់ភ្លើង សញ្ញាចរាចរណ៍ចំនួន ៤កន្លែង មានបង្គោលបញ្ចេញសំឡេង សម្រាប់ជនពិការឆ្លងកាត់ផ្លូវចំនួន ៨បង្គោល សាងសង់សួនពុះចែក ទ្រូងផ្លូវ ដាក់លូ គ្រប់ប្រភេទ និងបំពាក់ស្លាកសញ្ញាចរាចរណ៍គំនូសចរាចរណ៍ បង្គោល គីឡូម៉ែត្រ និង បង្គោល សុវត្ថិភាព ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់”៕