ផ្ទះសម្បែងពលរដ្ឋថៃជាច្រើនខ្នងត្រូវខូចខាត ក្រោយគ្រាប់កាំភ្លើងត្បាល់របស់មីយ៉ាន់ម៉ាប្លោងធ្លាក់ចូលទឹកដីថៃ អំឡុងជម្លោះផ្ទៃក្នុងនៅមីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា-ថៃ៖ ស្ថានការណ៍ប្រយុទ្ធគ្នារវាងកងទ័ពរំដោះជាតិការ៉ែន (KNLA) នៃសហភាពជាតិការ៉ែន (KNU) និងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅតាមព្រំដែនស្រុកម៉ែសូត (Mae Sot) និងស្រុកភុបផ្រា (Phop Phra) ខេត្តតាក់ (Tak) ប្រទេសថៃ បានបន្តផ្ទុះឡើងយ៉ាងខ្លាំងក្លា ។
កងទ័ពអាកាសមីយ៉ាន់ម៉ាបានប្រើប្រាស់យន្តហោះប្រភេទ Y-12 ហោះមកទម្លាក់គ្រាប់បែកចំនួន ៣៣គ្រាប់ នៅជុំវិញបន្ទាយយុទ្ធសាស្ត្រ ធីឆាឡេ (Thi Cha Lae) ក្នុងទឹកដីមីយ៉ាន់ម៉ា ដែលមានទីតាំងស្ថិតនៅចម្ងាយត្រឹមតែ ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ស្រុកភុបផ្រា ព្រំដែនប្រទេសថៃ ។
ការវាយប្រហារតាមអាកាសខ្នាតធំនេះ ធ្វើឡើងដើម្បីបណ្តេញក្រុមកងទ័ពការ៉ែន និងការពារមិនឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយនេះ អាចវាយដណ្តើមគ្រប់គ្រងបន្ទាយយោធា ធីឆាឡេ បានឡើយ បន្ទាប់ពីក្រុមការ៉ែនបានព្យាយាមវាយលុកទីតាំងនេះជាច្រើនដង ។
ដោយឡែក ស្ថិតនៅក្បែរស្រុកម៉ែសូតឯណោះវិញ ការផ្ទុះអាវុធយ៉ាងសាហាវបានបណ្តាលឱ្យទាហានទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងបង្កផលប៉ះពាល់ដល់ភូមិរបស់ពលរដ្ឋថៃចំនួន ៣ ភូមិ ដោយសារតែមានគ្រាប់កាំភ្លើងត្បាល់ និងកាំភ្លើងធុនស្រាលប្លោងធ្លាក់ចូលទឹកដីថៃ បណ្តាលឱ្យខូចខាតផ្ទះសម្បែងជាច្រើនខ្នង ។
ស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ កើតឡើងបន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី ឡេវីន អ៊ុង (Lay Win Aung) មេបញ្ជាការកងពលតូចថ្មើរជើងទី២២ របស់មីយ៉ាន់ម៉ា បានបញ្ជាឱ្យកងទ័ពវាយកម្ទេច និងដណ្តើមគ្រប់គ្រងទីតាំងរបស់ក្រុមប្រឆាំងឱ្យបានទាំងអស់ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនថៃ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Amarin TV 34 HD (ភាសាថៃ)