AFD សន្យាផ្តល់ឥណទានជួយរាជធានីភ្នំពេញ លេីការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ បន្ថែមទៀត
ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ឥណទានជួយរាជធានីភ្នំពេញបន្ថែមទៀត នោះគឺការជួយលើគម្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំមកហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តជាដើម។ នេះជាការបង្ហាញឱ្យដឹងក្នុងក្នុងជំនួបសំដែងការគួសមរវាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
នាឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា ៣លាននាក់។ ទន្ទឹមនិងកំណើតប្រជាពលរដ្ឋ និងលំនៅដ្ឋានកើនឡើងបានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវដែលទាមទាឱ្យមានការដោះស្រាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី និងទឹកស្អាតផងដែរ។
លោក ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ៩០%ហើយ។ ដោយមានកម្ចីពី AFD បានពង្រីកស្ថានីយ៍ផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់។ លោកសង្ឃឹមថានៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងទទួលមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីស និងចៃកា របស់ជប៉ុន រាជធានីភ្នំពេញ បានដោះស្រាយបញ្ហាប្រឈម និងសំណល់រាវ បានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង ១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់ទៀតផង។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅខាងជើងរាជធានីភ្នំពេញ។
លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD មានប្រសាសន៍ថា AFD បានជួយរាជធានីភ្នំពេញ ប្រមាណ៣០ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្ត ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាត និងអគ្គិសនី។ បន្ថែមពីនេះ AFD នឹងជួយកសាងសមត្ថិភាពក្មេងជំនន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាលជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ក្នុងកម្រិតខ្ពស់។
លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFD និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើនៅពេលនេះគឺការសិក្សា លើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ គម្រោងនេះនឹងឃើញពន្លឺថ្ងៃនៅពេលឆាប់ៗខាងមុខ៕