លោក គីម ជុងអ៊ុន បញ្ជាឱ្យដាក់ពង្រាយនាវាចម្បាំងយក្ស ៥,០០០តោន ចូលសមរភូមិ ក្រោយបញ្ចប់ការធ្វើតេស្តសាកល្បងប្រព័ន្ធប្រយុទ្ធដោយជោគជ័យ
កូរ៉េខាងជើង៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញបញ្ជាឱ្យកងទ័ពជើងទឹកដាក់ពង្រាយនាវាចម្បាំងទម្ងន់ ៥,០០០ តោន ឈ្មោះថា កាង គុន (Kang Kon) ចូលក្នុងជួរកងទ័ពផ្លូវការក្នុងរយៈពេលពីរខែខាងមុខ បន្ទាប់ពីនាវានេះ បានបញ្ចប់ការធ្វើតេស្តសាកល្បងប្រព័ន្ធប្រយុទ្ធដោយជោគជ័យ។
ការចេញបញ្ជានេះ ធ្វើឡើងក្រោយពេលដែលនាវាចម្បាំងខ្នាតយក្សខាងលើ បានបើកការបាញ់សាកល្បងមីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ព្រមទាំងប្រព័ន្ធកាំភ្លើងធំ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិច កាលពីថ្ងៃទី៣ ខែកក្កដា ដែលសកម្មភាពទាំងអស់នេះត្រូវបានតាមដាន និងវិភាគយ៉ាងយកចិត្តទុកដាក់ពីសំណាក់កងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ។
លោក គីម ជុងអ៊ុន បានប្រកាសយ៉ាងច្បាស់ថា ការពង្រឹងអាវុធដែនសមុទ្រនេះ គឺជាការបង្ហាញពីឆន្ទៈនយោបាយក្នុងការក្តោបក្តាប់ «មហាអំណាចដាច់ខាត» ដើម្បីការពារអធិបតេយ្យភាព និងទប់ស្កាត់សង្គ្រាម ខណៈដែលកាលពីខែឧសភា ឆ្នាំ២០២៥ នាវាមួយគ្រឿងនេះធ្លាប់រងនូវការខូចខាតក្នុងគ្រាខុសបច្ចេកទេសនៃការបាញ់បង្ហោះម្តងរួចមកហើយ។
ក្រៅពីការដាក់ពង្រាយនាវាចម្បាំងដែលជួសជុលរួចរាល់មួយនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) ក៏បានគូសបញ្ជាក់បន្ថែមថា លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់មួយ ដើម្បីជជែកពិភាក្សាអំពីផែនការយុទ្ធសាស្ត្រក្នុងការវាតទីពង្រីកមូលដ្ឋានទ័ពជើងទឹក និងសមត្ថភាពរបស់រោងចក្រផលិតនាវាចម្បាំងជាតិផងដែរ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.