ព័ត៌មានអន្តរជាតិ

រុស្ស៊ី ច្រានចោលព័ត៌មានចចាមអារ៉ាម ថាខ្លួនមានផែនការវាយប្រហារលើប៉ូឡូញ

image


រុស្សី៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitri Peskov) បានចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលថា រុស្ស៊ី ត្រៀមវាយប្រហារលើប្រទេសប៉ូឡូញ ដោយលោកបានហៅការលើកឡើងទាំងនេះថាជា «រឿងរ៉ាវសម្រាប់បំភិតបំភ័យតែប៉ុណ្ណោះ»។

ទោះជាយ៉ាងណាក៏ដោយ លោក ប៉េសកូវ បានអះអាងថា បច្ចុប្បន្នមានរោងចក្រផលិតដ្រូន (Drones) ជាច្រើនកំពុងដំណើរការនៅលើទឹកដីប៉ូឡូញ ហើយឧបករណ៍យោធាទាំងនោះ ត្រូវគេយកមកប្រើប្រាស់ដើម្បីវាយប្រហារលើកងទ័ពរបស់រុស្ស៊ី ដែលជារឿងមិនអាចទទួលយកបានឡើយ។
ដោយឡែក ជុំវិញទំនាក់ទំនងជាមួយអាម៉េរិក លោកបានបញ្ជាក់ថា ទីក្រុងម៉ូស្គូនៅតែបន្តរក្សាបណ្តាញទំនាក់ទំនងយ៉ាងស្អិតរមួត និងញឹកញាប់ជាមួយបេសកជនពិសេសអាម៉េរិក លោក ស្ទីវ វីតកហ្វ (Steve Witkoff) និងលោក ចារេដ ឃូស្នៀ (Jared Kushner) ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពតាមផ្លូវការទូត។

អ្នកនាំពាក្យរូបនេះ ក៏បានរិះគន់ធ្ងន់ទៅលើទំនាក់ទំនងរវាងអ៊ុយក្រែន និងប៉ូឡូញ ដោយលោកលើកឡើងថា របបដឹកនាំទីក្រុងគៀវកំពុងធ្វើឱ្យប៉ូឡូញឈឺក្បាល ព្រោះតែទម្លាប់ «រមឹលគុណ» និងការជ្រកក្រោមមនោគមវិជ្ជាលើកតម្កើងក្រុមណាស៊ី ហួសហេតុពេក៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Fox News/ iStock.