ក្រុមនាវាចម្បាំងរុស្ស៊ី ចូលចតនៅកំពង់ផែឈីងតាវ ប្រទេសចិន ដើម្បីត្រៀមធ្វេីសមយុទ្ធជើងទឹកកម្រិតខ្ពស់រួមគ្នា
ចិន-រុស្សី៖ កងទ័ពជើងទឹកចិន បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងនាវាចម្បាំងមកពីភូមិភាគប៉ាស៊ីហ្វិករបស់រុស្ស៊ី នៅឯកំពង់ផែឈីងតាវ (Qingdao) ដើម្បីត្រៀមលក្ខណៈធ្វេីសមយុទ្ធជើងទឹកកម្រិតខ្ពស់រួមគ្នា។
នៅក្នុងដំណើរចូលចតនេះ រួមមានវត្តមាននាវាផ្ទុកមីស៊ីលដ៏ល្បីល្បាញឈ្មោះ វ៉ារីយ៉ាក (Varyag) នាវាការពារឆ្នេរ រ៉េតស្គី (Rezkiy) និងនាវាមុជទឹក អ៊ូហ្វា (Ufa) ដែលបានធ្វើដំណើរអស់រយៈពេលមួយសប្តាហ៍ចេញពីទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ដោយឆ្លងកាត់តាមសមុទ្រជប៉ុន និងសមុទ្រលឿង។
លោក យេវហ្គីនី ម្យ៉ាសូអេដូវ (Yevgeni Myasoedov) មេបញ្ជាការកងនាវារុស្ស៊ី បានបញ្ជាក់ថា ភាគីទាំងពីរនឹងបង្កើតប៉ុស្តិ៍បញ្ជាការរួមគ្នាដើម្បីរៀបចំយុទ្ធសាស្ត្រការពារសន្តិសុខ ការប្រើប្រាស់អាវុធ និងការបើកបរនាវា ដោយលោកបានកោតសរសើរមេបញ្ជាការចិនថាមានវិជ្ជាជីវៈខ្ពស់ជាខ្លាំង។
សមយុទ្ធរួមគ្នា «Joint Sea-2026» នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកក្កដា នៅក្នុងសមុទ្រលឿង ដោយមានការចូលរួមពីកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំងពីរ លើវិញ្ញាសាប្រឆាំងនាវាមុជទឹក ការពារដែនអាកាស និងការបាញ់កាំភ្លើងធំពិតៗ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.