រុស្ស៊ី បើកការវាយប្រហារតាមអាកាសចំនួន ៩៣ លើក ទម្លាក់គ្រាប់ ២៧៣ គ្រាប់ និងប្រើប្រាស់ដ្រូនជាង១ម៉ឺនគ្រឿងលើមូលដ្ឋានទ័ពអ៊ុយក្រែន
រុស្ស៊ី៖ កងទ័ពអាកាសរុស្ស៊ី បានប្រើប្រាស់យន្តហោះចម្បាំង Su-34 បើកប្រតិបត្តិការវាយប្រហារទម្លាក់គ្រាប់បែក ទៅលើប៉ុស្តិ៍បញ្ជាការដ្រូនរបស់អ៊ុយក្រែន នៅក្នុងតំបន់ដូណេតស្ក៍ (Donetsk) និងបន្ទាយការពារយោធានៅក្នុងតំបន់ស៊ូមី (Sumy)។
នៅក្នុងប្រតិបត្តិការនោះ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកអាកាសធុនធ្ងន់ FAB-500 និង FAB-250 (ដែលបំពាក់ប្រព័ន្ធណែនាំផ្លូវ និងកែតម្រូវទិសដៅ) ទៅកម្ទេចប៉ុស្តិ៍បញ្ជាការរបស់កងពលតូចលេខ៤ និងទីតាំងកាំភ្លើងធំរបស់កងពលតូចការពារទឹកដីលេខ ១០១ របស់អ៊ុយក្រែន។
ខណៈដែលវីដេអូនោះមិនទាន់អាចផ្ទៀងផ្ទាត់ថ្ងៃខែពិតប្រាកដបាន ភាគីកងទ័ពអ៊ុយក្រែន នៅក្នុងរបាយការណ៍កាលពីចុងសប្ដាហ៍កន្លងទៅ ប្រកាសថា ភាគីរុស្ស៊ីបានបើកការវាយប្រហារតាមអាកាសចំនួន ៩៣ លើក ដោយទម្លាក់គ្រាប់បែកនាំផ្លូវចំនួន ២៧៣ គ្រាប់ និងប្រើដ្រូនរហូតដល់ ១០,១០៦ គ្រឿង។
សង្រ្គាមដ៏រ៉ាំរ៉ៃនេះ ផ្ទុះឡើងចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ មកម៉្លេះ បន្ទាប់ពីរុស្ស៊ីបានទទួលស្គាល់ឯករាជ្យភាពតំបន់ដូណេតស្ក៍ និងលូហានស្ក៍ (Luhansk) ដោយសារតែអ៊ុយក្រែនមិនអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ (Minsk) ចំណែកឯលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) ក៏បានដាក់ប្រទេសក្នុងភាពអាសន្នរហូតមកដល់ពេលនេះ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY