អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋឱ្យបង្កើនការការពារជំងឺគ្រុនឈាម ខណៈរដូវវស្សាចូលមកដល់
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកដល់ប្រជាពលរដ្ឋ ពិសេសអាណាព្យាបាលគ្រប់រូប ឱ្យបង្កើនការការពារពីជំងឺគ្រុនឈាមដែលចម្លងតាមរយៈមូសខ្លាខាំ ខណៈរដូវវស្សាបានឈានចូលមកដល់។ ការណែនាំដូចនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ពេលដឹកនាំក្រុមការងារសាខាកាកបាទក្រហមខេត្តចុះពិនិត្យ និងសួរសុខទុក្ខអាណាព្យបាល និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺគ្រុនឈាមចំនួន ១៣៥នាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា រដូវវស្សាជាពេលដែលមូសខ្លាបង្កើនការបន្តពូជយ៉ាងឆាប់រហ័ស ធ្វើឱ្យកំណើននៃមូសខ្លាមានការកើនឡើងគ្រប់ទីកន្លែង។ មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សទៀតយ៉ាងមានប្រសិទ្ធិភាពបំផុត។ ដោយសារតែកំណើននេះ ប្រជាពលរដ្ឋពិសេសអាណាព្យាបាលគ្រប់រូប គប្បីត្រូវតែកម្ចាត់ជម្រកមូសខ្លាឱ្យអស់ដោយសម្អាតកាកសំណល់ដែលមានដក់ទឹកស្ថិតនៅជុំវិញផ្ទះ និងការពារកុមារកុំឱ្យមូសខ្លាខាំ។ ទន្ទឹមនេះត្រូវសង្កេតនឹងតាមដាននូវរោគសញ្ញារបស់បុត្រធីតារបស់ខ្លួនប្រសិនបើមានការក្តៅខ្លួនខ្លាំងត្រូវប្រញ៉ាប់យកកុមារទៅមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដើម្បីឱ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាលទាន់ពេលវេលា។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យមន្ត្រីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាមតាមរយៈមូសខ្លាទៅដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ពីគ្រោះថ្នាក់ដែលបង្កពីមូសខ្លា។
យោងតាមការលើកឡើងដោយ លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជំងឺគ្រុនឈាមតែងកើតមានឡើងក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ ចាប់ពីខែមិថុនា រហូតដល់ខែសីហា នៃឆ្នាំនីមួយៗ។ស្ថានភាពនេះបានធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ។ ក្នុងស្ថានភាពជំងឺគ្រុនឈាម បានកើតមានឡើងលើស្រុក ក្រុងចំនួន៤ នៃខេត្តកំពង់ស្ពឺ ក្នុងនោះស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រុកសាមគ្គីមុនីជ័យ និងក្រុងច្បារមន ដោយគិតត្រឹមសប្តាហ៍ទី២៦ ឆ្នាំ២០២៦ មានចំនួន ៩២៧ករណី កើនឡើងចំនួន ៤២៤ករណី(ស្មើនឹងប្រមាណ ៨៤%) និងមានអ្នកស្លាប់២នាក់ខណៈបញ្ជូនទៅព្យាបាលនៅឯរាជធានីភ្នំពេញ បើធៀបនឹងឆ្នាំ២០២៥ មានត្រឹមតែ ៥០៣ករណីប៉ុណ្ណោះ និងគ្មានអ្នកស្លាប់ដោយជំងឺនេះនោះទេ៕
អត្ថបទ៖ ប៊ុត សារុន