មន្ត្រីជាន់ខ្ពស់ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីជាតួអង្គសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈទំហំពាណិជ្ជកម្មជាមួយរុស្ស៊ីឡើងដល់ជិត ៥ពាន់លានដុល្លារ
រុស្ស៊ី៖ នៅក្នុងឱកាសនៃពិព័រណ៍ឧស្សាហកម្មអន្តរជាតិ អ៊ីណូប្រូម (Innoprom) នៅទីក្រុងយេកាធេរីនប៊ឺគ (Yekaterinburg) ភាគីឥណ្ឌូណេស៊ី ត្រូវបានលើកសរសើរថាជាតួអង្គសេដ្ឋកិច្ច និងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោក ទ្រី ស៊ូពុនឌី (Tri Supondy) មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់របស់ប្រទេសលោក ក្នុងការសហការជាមួយអន្តរជាតិ ដោយផ្អែកលើសក្តានុពលដ៏ខ្លាំងក្លានៃធនធានធម្មជាតិ និងកម្លាំងពលកម្មធនធាននៃប្រទេសឥណ្ឌូណេស៊ី។
ដើម្បីបង្ហាញពីឥទ្ធិពលសេដ្ឋកិច្ច ឥណ្ឌូណេស៊ីបានរៀបចំស្តង់ជាតិធំជាងគេបង្អស់នៅក្នុងពិព័រណ៍នេះ ដែលមានផ្ទៃដីរហូតដល់ទៅជាង ១,៥០០ ម៉ែត្រការ៉េ ដោយនាំយកក្រុមហ៊ុនឈានមុខគេចំនួន ៥០ ក្រុមហ៊ុន ដើម្បីមកបង្ហាញផលិតផលឧស្សាហកម្មធំៗចំនួន ៥ វិស័យ។
ទន្ទឹមនឹងនេះ លោក អាឡិចស៊ី ហ្គ្រូសដេវ (Alexei Gruzdev) អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី បានរៀបរាប់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំង រហូតជិតដល់ទៅ ៥ ពាន់លានដុល្លារអាម៉េរិក។
ភាគីរុស្ស៊ីក៏បានគូសបញ្ជាក់ដែរថា ផែនការទៅថ្ងៃអនាគត គឺប្រទេសទាំងពីរនឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការបណ្តាក់ទុនពង្រីកឧស្សាហកម្មផលិតឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងវិស័យវិស្វកម្មដឹកជញ្ជូនរួមគ្នា។
សូមបញ្ជាក់ថា មហាព្រឹត្តិការណ៍ អ៊ីណូប្រូម (Innoprom) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយមានការរំពឹងទុកថានាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាអ៊ីល មីស៊ូស្ទីន (Mikhail Mishustin) នឹងអញ្ជើញមកថ្លែងសុន្ទរកថាបើកកម្មវិធីនេះផងដែរ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.