ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ត្រៀមបង្កើតមូលនិធិយក្សពីចំណូលពន្ធបន្ទះឈីប ដើម្បីអភិវឌ្ឍជាតិ និងគម្លាតសង្គម

image


កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីចុងសប្ដាហ៍កន្លងទៅ បានប្រកាសពីផែនការបង្កើត «មូលនិធិឆ្លើយតបសម្រាប់អនាគត» ដោយដកស្រង់ចេញពីកំណើនប្រាក់ចំណូលពន្ធបន្ថែមនៃវិស័យបន្ទះឈីប ។

លោក កាង ហួនស៊ីក (Kang Hoon-sik) ប្រធានការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា មូលនិធិនេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់គម្រោងជាតិធំៗ ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់ប្រទេសនេះ។

យុទ្ធសាស្ត្រនៃមូលនិធិថ្មីនេះ នឹងផ្តោតទៅលើការដោះស្រាយបញ្ហាគម្លាតសង្គម ឬសេដ្ឋកិច្ចក្រោយជួបវិបត្តិ ព្រមទាំងផ្តល់ជំនួយផ្នែកលំនៅដ្ឋាន ការបង្កើតអាជីវកម្ម និងការងារធ្វើសម្រាប់ក្រុមយុវជនដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ។

ការបង្កើតមូលនិធិនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក លី ជេម្យុង (Lee Jae Myung) បានប្រកាសបើកដំណើរការគម្រោងឧស្សាហកម្មបច្ចេកវិទ្យាខ្នាតយក្សចំនួនបី ដែលផ្តោតលើវិស័យបន្ទះឈីប បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ ។
គម្រោងធំៗទាំងនេះ ទទួលបានការបោះទុនវិនិយោគរាប់រយពាន់លានដុល្លារពីក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ដូចជាក្រុមហ៊ុន សាំស៊ុង និងក្រុមហ៊ុន អេសខេ ហៃនីក (SK Hynix) ដើម្បីពង្រីកសេដ្ឋកិច្ចនៅក្រៅតំបន់ទីក្រុងសេអ៊ូល។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រី លោកស្រី ហាន់ ស៊ុងស៊ុក (Han Sung-sook) និងគណបក្សកាន់អំណាច បានប្ដេជ្ញាចិត្តរួមដៃគ្នាជា «ក្រុមតែមួយ» ក្នុងការគាំទ្រផ្នែកច្បាប់ និងកញ្ចប់ថវិកាជាតិ ដើម្បីជំរុញយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេល ៣០ ឆ្នាំនេះឱ្យទទួលបានជោគជ័យ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ Reuters/Kim Hong-Ji/ Reuters/ Florence Lo/ SeongJoon Cho/Bloomberg.