រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មបរទេសបារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការវិនិយោគ
ភ្នំពេញ៖ លោក នីកូឡា ហ្វ័ររីសៀ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងជំរុញការវិនិយោគរបស់បារាំងនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំថ្នាក់ខ្ពស់ជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ហើយក៏ជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា រួមមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោក នីកូឡា ហ្វ័ររីសៀ ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ដែលបច្ចុប្បន្នមានបណ្តាញក្រុមហ៊ុនប្រមាណជាង ២០០ ក្រុមហ៊ុន កំពុងវិនិយោគ និងប្រតិបត្តិការនៅក្នុងប្រទេស។
ជាមួយគ្នានេះ ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានជាមួយលោករដ្ឋមន្ត្រីប្រតិភូ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីលទ្ធផល និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕