ព័ត៌មានជាតិ

ព្រឹកនេះ! សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្ដក្រចេះ

image

ក្រចេះ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ដបេសកកម្មចុះមូលដ្ឋានវិញហើយ បន្ទាប់ពីការបំពេញភារកិច្ចការងារជាច្រើន លើឆាកអន្ដរជាតិ ពិសេសការបំពេញទស្សនកិច្ចមិត្ដភាពផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិត ចិន ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដក្រចេះ។

នេះជាជំនួបទី១៦ ហើយជារាជធានី-ខេត្ដទី១៩ បន្ទាប់ពីចាប់ផ្ដេីមដំបូងពីចេញខេត្ដកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ, បាត់ដំបង និងប៉ៃលិន ដែលកម្មវិធីនាឱកាសនេះ មានការអញ្ជើញចូលរួមពីមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ជុំវិញខេត្ដ ប្រមាណ១០២៦ នាក់។

ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន នៃប្រទេសកម្ពុជា មានផ្ទៃដីសរុប ១១.០៩៤គីឡូម៉ែត្រការេ មានចម្ងាយពី រាជធានីភ្នំពេញ ៣៤០គីឡូម៉ែត្រ មានព្រំប្រទល់ ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគីរី និងប្រទេស វៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។

ខេត្ត ក្រចេះបានបែងចែកជា ៧ក្រុង/ស្រុក (ក្រុង ១ =ក្រុងក្រចេះ) ដោយស្រុកអូរគ្រៀងសែនជ័យ ជាស្រុកបង្កើតថ្មី បំបែកចេញពី ស្រុកសំបូរ។ ជុំវិញការរីកចម្រេីនហេដ្ឋារចនាសម្ព័ន្ធខេត្ដក្រចេះរួមមាន ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានប្រវែង ១.៧៦១ ម៉ែត្រ ដែលជាសរសៃរឈាមដ៏សំខាន់នៃការ តភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុកព្រែកប្រសព្វ សម្រេចបាន ១០០% បើកដំណើរឱ្យឆ្លងកាត់ ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ និងផ្លូវតភ្ជាប់ ជាង៣១គីឡូម៉ែត្រផងដែរ។ ការជួសជុល ពង្រីក និងលើកកម្រិតស្ថានភាពផ្លូវទៅជាប្រភេទក្រាលកៅស៊ូAC ចំនួន ៣ខ្សែ និងការស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១៤ខ្សែ ប្រវែងសរុប ជាង១៣៤គីឡូម៉ែត្រ ,ជួសជុលលើកម្រិតផ្លូវលំ ទៅជាផ្លូវក្រាលកៅស៊ូប្រភេទ (DBST) ប្រវែងប្រមាណ ៨០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រស៊ីម៉ង់ត៍ ឃុំបឹងចារ ស្រុកសំបូរ ទៅកំពង់ផែពហុបំណង ឃុំព្រែកប្រសព្វ ស្រុក ព្រែកប្រសព្វ រួមទាំងសមិទ្ធផលជាច្រេីនទៀត កំពុងបន្ដអភិវឌ្ឍន៍។

សូមជម្រាបថា ការចុះជួបសំណេះសំណាលនេះជាសកម្មភាពដែលសម្ដេចតេជោ ហ៊ុន សែន តែងតែអនុវត្ដជាប់ជាប្រចាំ ដើម្បីជួបផ្ទាល់ដឹងសុខទុក្ខ និងស្ដាប់នូវរបាយការណ៍ពីថ្នាក់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ផ្ទាល់ ដើម្បីក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

តាមរយៈការចុះជួបសំណេះសំណាលជាមួយន្ដ្រីក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ប៉ុន្មានខេត្ដកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី តែងតែបានក្រើនរំលឹកទៅកាន់មន្ដ្រីមូលដ្ឋានឱ្យត្រូវយកចិត្ដទុកដាក់ពីសុខទុក្ខ តម្រូវការចំបាច់ផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសការបម្រើសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព ដោយជៀសវាងអោយបាននូវការថ្នាំងថ្នាក់រវាងប្រជាជន និងមន្រ្ដីនៅមូលដ្ឋាន។

គោលបំណងសំខាន់មួយទៀតគឺពង្រឹងភាពជិតស្និទ្ធ និងការធ្វើគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

តាមការគ្រោងទុក សម្ដេចតេជោ ហ៊ុន សែន នឹងបន្ដទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បន្ដនៅទូទាំងប្រទេសកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង