ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក លឹម តុងហួត៖ គម្រោង «គ្រួសាររឹងមាំ» បានជួយបង្កើតសុភមង្គល និងការពារកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន

image

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា គម្រោង «គ្រួសាររឹងមាំ (Strong Family)» ពិតជាបានរួមចំណែកផ្តល់សុភមង្គលផ្លូវកាយ និងផ្លូវចិត្តដល់គ្រួសារប្រជាពលរដ្ឋ ព្រមទាំងជួយបង្ការកូនចៅឱ្យឆ្ងាយពីគ្រឿងញៀន។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលលោក ទទួលបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ដឹកនាំក្រុមការងារចុះសហការជាមួយក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ដើម្បីតាមដាន និងបន្តអនុវត្តគម្រោង «គ្រួសាររឹងមាំ (Strong Family)» ដែលរៀបចំឡើងដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី៤-៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ លោក ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងគម្រោងនេះ ដោយជំរុញឱ្យក្រុមគ្រួសារបង្កើនការយកចិត្តទុកដាក់លើការអប់រំ និងថែទាំកូនចៅ ដើម្បីបង្ការការពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា គម្រោង «គ្រួសាររឹងមាំ» ផ្តោតលើការពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ដោយលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ចំណាយពេលយ៉ាងហោចណាស់ ៥នាទីក្នុងមួយថ្ងៃ ដើម្បីស្តាប់ ប្រាស្រ័យទាក់ទង និងផ្តល់ភាពកក់ក្តៅដល់កូនចៅ។ តាមរយៈការប្រាស្រ័យទាក់ទងជាប្រចាំ កូនចៅនឹងហ៊ានចែករំលែកបញ្ហា និងបទពិសោធន៍ដែលជួបប្រទះ ខណៈឪពុកម្តាយក៏អាចតាមដានអាកប្បកិរិយា និងអន្តរាគមន៍បានទាន់ពេលវេលា ជាពិសេសក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន៕