ព័ត៌មានជាតិ

សំណូមពរចំនួន ២៥ ពីប្រជាពលរដ្ឋ ត្រូវបានដោះស្រាយ និងទទួលយក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤

image

ត្បូងឃ្មុំ៖ លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤ នៅក្នុងបរិវេណវត្តគិរីមានជ័យ (វត្តបឹងជ្រោង) ស្ថិតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦។
វេទិកានេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូចៅអធិការវត្តបឹងជ្រោង លោក-លោកស្រី សមាជិក្រុមប្រឹក្សាស្រុក គណៈអភិបាលបាលស្រុក លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងបងប្អូនប្រជាពលរដ្ឋ ។
លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុកមេមត់ បានថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី ៤ ផងដែរ ។ លោកបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺពិតជាមានសារៈសំខាន់ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋ បានដឹងពីតួនាទីភារកិច្ច ទំនាក់ទំនងរវាងគណៈអភិបាល និងក្រុមប្រឹក្សា ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការពិភាក្សា ឆ្លើយតបជូន និងបន្តពិភាក្សាលើសំណូមពរខ្លះ ដែលមិនអាចឆ្លើយភ្លាមៗបាន ដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍ស្រុកជាដើម ។
លោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់  បានលើកឡើងថា ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលស្រុកដែលមានភាពខ្វះចន្លោះដោយប្រការណាមួយផងដែរ ។
ជាលទ្ធផលរយៈពេល ១ ព្រឹក វេទិកាទទួលបាន សំណូមពរពីប្រជាពលរដ្ឋបានចំនួ ២៥ សំណូមពរ ដូចជា សំណូមពរការតភ្ជាប់បណ្តាញអគ្គិសនី ផ្លូវក្នុងភូមិ ផ្លូវជនបទ បណ្តាញផ្លូវជាតិ បញ្ហាក្មេងទំនើង ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធលូរំដោះទឹក និងបញ្ហាបម្រើសេវាសាធារណៈ ។
ក្នុងនោះមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានចូលរួមតបតាមការសំណូមពរប្រជាពលរដ្ឋ ដោយទទួលយក និងដាក់ផែនការអនុវត្តក្នុងពេលឆាប់ៗនេះ ។
លោក អ៊ុក សំអឿន និងលោក ស្រេង លី មានប្រសាសន៍សរុបរួម ដោយសំណូមពរ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក មេឃុំ កងកម្លាំងសមត្ថកិច្ច ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ៕
អត្ថបទ៖ សុខ ផន