រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការគ្នាប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍
សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការប្រឹងប្រែងរួមគ្នាប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍នេះ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្នដ៏មានសក្តានុពល និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ថែមពីប្រាសាទអង្គរវត្តដែលល្បីល្បាញ។
ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីលោករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» និងបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃផែនការ។
លោករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និង ដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍ នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលក្នុងនោះរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មគោលដៅទេសចរណ៍ ឱ្យសម្បូរបែប និងមានភាពទាក់ទាញ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។
លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្រៅពីរមណីយដ្ឋានអង្គរ (Beyond Angkor) ឱ្យកាន់តែច្រើន។
ជាការរំលឹកឡើងវិញ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ ដោយបានណែនាំដល់ក្រសួងទេសចរណ៍ ធ្វើការអភិវឌ្ឍភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងពិស្តារ លោករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងឧត្តមភាពប្រកួតប្រជែងនៃគោលដៅទេសចរណ៍ភ្នំគូលែនតាមរយៈ៖ ១). បង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ២). ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, ៣). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ៤). ធ្វើពិពិធកម្មផលិតផលនិងបទពិសោធទេសចរណ៍, ៥). អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ធម្មជាតិ, ៦). បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ៧). ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងធន់ , ៨).ពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់អំពីចក្ខុវិស័យឱ្យប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ដែលមានគុណភាព ចីរភាព និងបរិយាបន្នដ៏មានសក្តានុពល និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្តៅផងដែរ៕