ប្រជាពលរដ្ឋ និងនិវត្តន៍ជនខេត្តកែប៖ «រាជរដ្ឋាភិបាលនៅតែជាបង្អែក និងក្តីសង្ឃឹមរបស់ពួកយើង»
កែប៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងនិវត្តន៍ជននៅខេត្តកែប បានលើកឡើងថា ទោះជាគ្រួសារមានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ ពួកគេនៅតែមានក្តីសង្ឃឹម ស្នាមញញឹម និងភាពកក់ក្តៅក្នុងការតស៊ូរស់នៅបន្តទៀត ដោយសារតែប្រមុខរាជរដ្ឋាភិបាល ពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប រួមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និង ជីវភាពរស់នៅរបស់ពួកគេ តាមរយៈជួយឧបត្ថមជា ស្បៀងអាហារ របស់របរប្រើប្រាស់ ជួយជួសជុល និងសាងសង់ផ្ទះថ្មីឲ្យជាដើម ដែលនេះជាបង្អែកដ៏រឹងមាំបំផុត សម្រាប់ពួកគេ។
ការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពេលដែល លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកែប និងស្រុកដំណាក់ចង្អើរខេត្តកែប និងលោក ហួរ មិថុនា អភិបាលរងខេត្តកែប បានអញ្ជើញចុះទៅប្រគល់លំនៅឋានថ្មីមួយខ្នង ជូនគ្រួសារដែលជួបឧបទ្ទវហេតុលិចទូកធ្វើឲ្យបាត់បង់ជីវិតប្រពន្ធនិងកូនពីរនាក់ នៅភូមិអូរក្រសារ ក្រុងកែបកាលពីពេលកន្លងទៅ ព្រមទាំងចុះសួរសុខទុក្ខនិវត្តន៍ជនចំនួន ២គ្រួសារ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប បន្ទាប់ក្រុមការងារបានជួយជួសជុល និងកែលម្អលំនៅឋានជូនពួកគាត់ ឱ្យមានភាពរឹងមាំ សមរម្យសម្រាប់ការរស់នៅ។
នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ជួនដល់ពលរដ្ឋមានជីវភាពខ្វះខាត និងនិវត្តន៍ជនផងដែរ។
លោករដ្ឋលេខាធិការ និងក្រុមការងារក៏បានជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ខិតខំថែរក្សាសុខភាពឲ្យបានល្អ កុំគិតព្រួយបារម្ភច្រើន ពិសេសខិតខំប្រើប្រាស់ជីវិតរស់នៅបន្តឲ្យបានសមរម្យ មានតម្លៃ និងខ្លឹមសារសម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ខណៈដែលរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុក និងនៅក្បែរប្រជាពលរដ្ឋជានិច្ច៕
អត្ថបទ៖ ង៉ុង សាន់