ព័ត៌មានជាតិ

លោក សាយ សំអាល់ ប្រាប់មន្ត្រីមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗចំនួន៩ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០

image

កំពត៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ មួយចំនួនដូចជា វិស័យអប់រំ សុខាភិបាល សាធារណៈការ ឧស្សាហកម្ម ធនធានទឹក សន្តិសុខសណ្តាប់ធ្នាប់ ទេសចរណ៍ ការងារផែនដី និងមូលនិធិជាតិជំនួយសង្គម ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ការជំរុញរបស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលប្រព្រឹត្តទៅនៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។
 
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ គឺតម្រូវឱ្យវិស័យមួយចំនួនខាងលើ ត្រូវមានការពង្រឹងគុណភាព យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសមានទិសដៅការងារច្បាស់លាស់ដើម្បីជួយជ្រោងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យទទួលបានជោគជ័យ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រសិនបើវិស័យពាក់ព័ន្ធ និងភាគីពាក់ព័ន្ធទាំងអស់ អនុវត្តន៍លើកិច្ចការងារខ្លួនមិនបានល្អប្រសើរនោះទេ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នឹងមិនទទួលបាននូវលទ្ធផលល្អប្រសើរនោះទេ ដូច្នេះសូមឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗខាងលើឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេសឆ្នាំ២០៥០ ដែលកម្ពុជានិងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។

តាមរបាយការណ៍របស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក បានរៀបចំធ្វើវេទិការសាធារណៈសរុបចំនួន ៤២៦លើក ទទួលបានបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋចំនួន ៧៩២ករណី។ ហើយបានដោះស្រាយនៅក្នុងវេទិកាចំនួន ៥៣៤ករណី ដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ចំនួន ១១៧ករណី នឹងកំពុងដោះស្រាយនៅក្នុង ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ចំនួន ២៦១ករណី មិនទាន់បានដោះស្រាយ ៣១ករណី និងស្នើទៅថ្នាក់ជាតិចំនួន ៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តបានចំនួន ១៤៣ករណីផងដែរ៕

អត្ថបទ៖ វង្ស សុធារម្យ