ព័ត៌មានជាតិ

កម្ពុជា សម្ពោធ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» ដើម្បីជំរុញការចែកចាយផលិតផលក្នុងស្រុកឱ្យដល់ដៃអ្នកប្រើប្រាស់កាន់តែទូលំទូលាយ

image

ភ្នំពេញ៖ កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» នៅរាជធានីភ្នំពេញ ដោយមានចក្ខុវិស័យធ្វើឱ្យផលិតផលក្នុងស្រុកអាចឈានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូបបានយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ព្រមទាំងជួយពង្រីកទីផ្សារសម្រាប់ផលិតផលខ្មែរ ទាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។


ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឧកញ៉ាបណ្ឌិត កែវ មុំ បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលពោរពេញដោយសហគ្រិនភាព ការច្នៃប្រឌិត និងសក្តានុពល ខណៈសហគ្រាសធុនមីក្រូ តូច និងមធ្យមរាប់សែនកំពុងខិតខំបង្កើតផលិតផលដែលមានគុណភាព និងអត្តសញ្ញាណខ្មែរ។

សហគ្រាសទាំងនេះគឺជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា ឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា សហគ្រាសជាច្រើននៅតែប្រឈមនឹងបញ្ហាសំខាន់មួយ គឺការចូលទៅកាន់ទីផ្សារ។ ផលិតផលជាច្រើនមិនទាន់អាចឈានទៅដល់អ្នកប្រើប្រាស់បានទូលំទូលាយ ខណៈការខ្វះខាតបណ្តាញចែកចាយ ប្រព័ន្ធប្រមូលផ្តុំ និងការភ្ជាប់ជាមួយអ្នកទិញ បានក្លាយជាឧបសគ្គរារាំងដល់ការពង្រីកផលិតកម្ម និងការអភិវឌ្ឍខ្សែសង្វាក់តម្លៃរបស់សហគ្រាសក្នុងស្រុក។


ដោយមើលឃើញបញ្ហាប្រឈមទាំងនេះ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានផ្តួចផ្តើមបង្កើត «MSME HUB» ដើម្បីជាវេទិកាតភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងទីផ្សារ។ មជ្ឈមណ្ឌលនេះមានតួនាទីប្រមូលផ្តុំផលិតផលខ្មែរ គ្រប់គ្រងគុណភាព ស្តង់ដារ ការវេចខ្ចប់ ការរក្សាទុក និងការចែកចាយ ដើម្បីធ្វើឱ្យផលិតផលខ្មែរឈានទៅដល់អ្នកប្រើប្រាស់កាន់តែទូលំទូលាយក្នុងតម្លៃសមរម្យ។
ឧកញ៉ាបណ្ឌិត កែវ មុំ បានបញ្ជាក់ថា MSME HUB មិនមែនជាដៃគូប្រកួតប្រជែងជាមួយផ្សារទំនើប ឬអ្នកចែកចាយនោះទេ ប៉ុន្តែជាដៃគូសហការដែលជួយស្វែងរក និងភ្ជាប់ផលិតករខ្មែរដែលមានសក្តានុពល និងបំពេញតាមស្តង់ដារ ទៅកាន់បណ្តាញលក់ផ្សេងៗ រួមមានផ្សារប្រពៃណី (GT) ហាងលក់រាយ (Retail) និងសហគមន៍នៅតាមមូលដ្ឋាន។


ឧកញ៉ាបណ្ឌិត កែវ មុំ បានបន្ថែមថា គោលបំណងសំខាន់របស់ MSME HUB គឺលើកកម្ពស់ផលិតផល និងសេវាកម្មខ្មែរ ពង្រឹងមោទនភាពជាតិ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក បង្កើនការលក់ និងចំណូលសម្រាប់សហគ្រាសខ្មែរ បង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ព្រមទាំងរួមចំណែកអនុវត្តយុទ្ធនាការជាតិ «Made in Cambodia» និង «ទិញផលិតផលខ្មែរ» ឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ក្នុងការបង្កើត «ផ្សារខ្មែរ MSME HUB (ទួលពង្រ)» ដែលជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។


លោកស្រីរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកស្រីក៏បានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងការគាំទ្រ និងជំរុញផលិតផលខ្មែរឱ្យឈានទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។


ទន្ទឹមនឹងនេះ លោកស្រីរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលខ្មែរ តាមរយៈយុទ្ធនាការ «Made in Cambodia» ការជំរុញអនុលោមភាពផលិតផល ការការពារសិទ្ធិអ្នកប្រើប្រាស់ និងការសិក្សាលទ្ធភាពបង្កើតទីផ្សារ ឬមជ្ឈមណ្ឌលប្រមូលផ្តុំផលិតផលបន្ថែម ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារក្នុងស្រុក និងឈានទៅពង្រីកទីផ្សារនាំចេញនាពេលអនាគត។
ក្នុងឱកាសនោះផងដែរ លោកស្រីរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ដែលបានឈានទៅចុះអនុស្សរណៈយោគយល់គ្នាចំនួន ៤ ជាមួយដៃគូសំខាន់ៗ ដើម្បីរួមគ្នាជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ «ផ្សារខ្មែរ MSME HUB»។
ក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរ ទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕