យុទ្ធនាការ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ” ទទួលបានថវិកាបានប្រមាណ ២៦ម៉ឺនដុល្លារ
សៀមរាប៖ បេសកកម្មដ៏អស្ចារ្យ “ជិះកង់ជុំវិញពិភពលោក ដើម្បីកុមារអង្គរ” របស់លោក ទីវ តារារិទ្ធិ បានប្រកាសបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេល ២ឆ្នាំ ធ្វើដំណើរឆ្លងកាត់ ៤០ប្រទេស ក្នុងចម្ងាយផ្លូវសរុបប្រមាណ ៦ម៉ឺនគីឡូម៉ែត្រ ប្រមូលថវិកាបានប្រមាណ ២៦០ ០០០ដុល្លារ ពីសប្បុរសជននានា ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសុខាភិបាលកុមារ។
លោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ដ្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ទីវ តារារិទ្ធិ ដោយចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលកូនខ្មែរអាចជិះកង់ឆ្លងទ្វីបក្នុងចម្ងាយឆ្ងាយបែបនេះ។ យុទ្ធនាការនេះមិនត្រឹមតែបង្ហាញពីភាពក្លាហានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានរួមដៃគ្នាជួយដល់កុមារកម្ពុជា ជាពិសេសគាំទ្រក្នុងការលើកកម្ពស់វិស័យសុខាភិបាលក្នុងខេត្តសៀមរាប។
ក្នុងឱកាសនោះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកីឡាក្នុងការលើកមុខមាត់ជាតិ និងការអភិវឌ្ឍមូលធនមនុស្ស។ លោកបានមានប្រសាសន៍ថា ជ័យជម្នះនៃបេសកកម្ម ៦០ ០០០គីឡូម៉ែត្រនេះ គឺជាភស្តុតាងនៃក្ដីស្រឡាញ់ដ៏មហិមា ដែលមនុស្សម្នាក់អាចលះបង់កម្លាំងកាយ ចិត្ត និងពេលវេលា ដើម្បីស្នាមញញឹមរបស់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ។ ពិតណាស់ រាល់ការបង្វិលកង់មួយជុំៗ គឺជានិមិត្តរូបនៃការផ្សព្វផ្សាយពីតម្រូវការសុខភាពរបស់កុមារកម្ពុជាទៅកាន់ពិភពលោក និងការមិនបោះបង់ចំពោះឧបសគ្គនានា ដូចជាការប្រែប្រួលអាកាសធាតុ និងផ្លូវលំបាកជាដើម។
បើតាម លោក ទីវ តារារិទ្ធិ បានបង្ហាញថា បេសកកម្មនេះចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ដោយឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ លោកបានអះអាងថា ក្នុងដំណាក់កាលដំបូង លោកមានភាពស្ទាក់ស្ទើរលើសមត្ថភាពខ្លួនឯង ប៉ុន្តែដោយសារការលើកទឹកចិត្តពីក្រុមគ្រួសារ និងមហាជន ទើបលោកមានឆន្ទៈដ៏មោះមុតក្នុងការសម្រេចគោលដៅនេះ។ តាមរយៈយុទ្ធនាការដ៏យូរអង្វែងនេះ លោកបានប្រមូលថវិកាបរិច្ចាគពីសប្បុរសជនជាតិ និងអន្តរជាតិបាន ២៦០ ០០០ដុល្លារ។
សូមបញ្ជាក់ថា ថវិកាទាំងនេះនឹងត្រូវផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបម្រើដល់ការព្យាបាលកុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង៕