លោក ម៉ៅ ថូរ៉ា បើកកិច្ចប្រជុំផ្សព្វផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ធំ អាណត្តិទី១ លើកទី១
កំពង់ធំ៖ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ធំ អាណត្តិទី១ លើកទី១ ទៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ និងលោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ។
ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា កិច្ចប្រជុំផ្សព្វផ្សាយនេះ គឺជាជំហានដំបូង សម្រាប់ការបង្កើតសភាពាណិជ្ជកម្មខេត្តកំពង់ធំ ក្នុងអាណត្តិទី១នេះ ដែលត្រូវបានបំបែកចេញពី សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ដើម្បីធ្វើសកម្មភាពជាផល ប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្ម ក្នុងមណ្ឌលរបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរឡើង។
ជាមួយគ្នានេះដែរ ក៏មានគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មាន នីតិវិធី និង លក្ខខណ្ឌនានា ក្នុងការបើកការិយាល័យបោះឆ្នោត ដើម្បីធានាឱ្យដំណើរការ ជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ធំ ប្រកបដោយតម្លាភាព យុត្តិធម៌ និងស្របតាមច្បាប់ជាធរមាន។
ឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា សភាពាណិជ្ជកម្មខេត្ត គឺជាតំណាងឱ្យសំឡេងរបស់វិស័យឯកជនទាំងមូល នៅក្នុងខេត្តកំពង់ធំ ក្នុងការសហការជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត និង អាជ្ញាធរដែនដី ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ក្នុងនាមជាស្ថាប័នតំណាងសហគមន៍ធុរកិច្ច សភាពាណិជ្ជកម្មមានតួនាទីប្រមូលផ្តុំ សម្របសម្រួល និងប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពររបស់សហគ្រាសនានា ដាក់ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយ និងពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបង្កើតបរិយាកាសធុរកិច្ច ដែលមានតម្លាភាព ប្រកួតប្រជែង និងអំណោយផលសម្រាប់ការវិនិយោគ។
ថ្លែងក្នុងឱកាសនោះ លោក ម៉ៅ ថូរ៉ា បានណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមានដូចជា ការបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ ការចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃស ការផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល។
បន្ថែមពីលើនេះ លោក ក៏បានណែនាំបន្ថែមពីលក្ខខណ្ឌដល់អ្នកដែលបានឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តទាំងអស់ ត្រូវតែគោរពតាមលក្ខខណ្ឌ និងគោលការណ៍ ដែលក្រសួងបានកំណត់ ដើម្បីឱ្យការបោះឆ្នោតប្រកបទៅដោយរលូន និងទទួលបានបេក្ខជនដែលសមត្ថភាពមកបន្តអាណត្តិការងាររបស់សភាពាណិជ្ជកម្ម ក៏ដូចជាចូលរួមនៅក្នុងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងឱកាសនោះដែរ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់អំពីការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ចំពោះវិស័យពាណិជ្ជកម្មក្នុងខេត្តកំពង់ធំ ហើយតាមរយៈសមិទ្ធិផលសម្រេចបានទាំងនេះ ពិតជាកើតចេញពីកិច្ចខិតខំប្រឹងប្រែង ដឹកនាំគ្រប់គ្រងដ៏ប៉ិនប្រសព្វប្រកបដោយមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងដោយមានការចូលរួមសហការល្អពីមន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ជាពិសេសក៏មានការជួយជ្រោមជ្រែងពីសមាជិកសមាជិកានៃសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ។
លោក ថា សភាពាណិជ្ជកម្ម មានតួនាទីសំខាន់ណាស់ ដែលជាតំណាងតួអង្គក្នុងវេទិកាសាធារណៈ និងការអភិវឌ្ឍវិស័យឯកជនគ្រប់ប្រភេទ៕