ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទអ៊ុយក្រែនថា វាយប្រហារលើជនស៊ីវិលជាង ៣០០នាក់ ក្នុងរយៈពេលមួយសប្តាហ៍

image


រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរបស់ទូរទស្សន៍ RT លោក កាឡិប ម៉ូភីន (Caleb Maupin) បានធ្វើសេចក្ដីរាយការណ៍ និងផ្សាយផ្ទាល់ចេញពីទីក្រុងញូវយ៉ក ជុំវិញប្រតិកម្មអន្តរជាតិ និងការជជែកដេញដោលគ្នាលើបញ្ហាសន្តិសុខដ៏ក្តៅគគុកមួយនៅក្នុងជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែន។
នៅក្នុងសេចក្ដីរាយការណ៍នោះ ឱ្យដឹងដែរថា តំណាងក្រសួងការបរទេសរុស្ស៊ី លោក រ៉ាឌីយ៉ុង មីរ៉ូស្នីក (Radion Miroshnik) បានបញ្ចេញរបាយការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋស៊ីវិលរុស្ស៊ីជាង ៣០០ នាក់ រងគ្រោះនៅក្នុងការវាយប្រហាររបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន ក្នុងនោះមានមនុស្សរហូតដល់ ២៨៥ នាក់ទទួលរងរបួស ។
របាយការណ៍ដដែល គូសបញ្ជាក់ថា ភាគីទីក្រុងគីវ (Kiev) បានធ្វើការវាយប្រហារដោយផ្ទាល់លើជនស៊ីវិល និងកុមារ តាមរយៈការបាញ់ប្រហារលើរថយន្តក្រុងមួយគ្រឿង ដែលកំពុងដឹកជញ្ជូនក្រុមបាល់ទាត់យុវជនបេឡារុស្ស (Belarus) នៅក្នុងតំបន់ប្រាយយ៉ានស្ក៍ (Bryansk) នាទឹកដីរុស្ស៊ី ។
ឆ្លើយតបនឹងទង្វើនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ រដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានចេញមុខរិះគន់យ៉ាងធ្ងន់ៗ ទៅលើបណ្តាប្រទេសបស្ចិមលោក ដែលបានបង្ហាញអាកប្បកិរិយាព្រងើយកន្តើយ មិនខ្វល់ខ្វាយចំពោះសកម្មភាពវាយប្រហារបែបភេរវកម្មមកលើរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.