ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន បង្កើតសមិទ្ធផលជាក់ស្តែង និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ក្នុងរយៈពេល ៧៣ឆ្នាំកន្លងមកនេះ បានផ្តល់នូវសមិទ្ធផលជាច្រើនជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជា លើវិស័យសន្តិភាព ការអភិវឌ្ឍ ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការដោះមីន។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឱ្យ លោក អឹអិណុ អាត់ត្សឹស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់លោកឯកអគ្គរាជទូត ក្នុងរយៈពេលបីឆ្នាំកន្លងមក ដែលបានរួមចំណែកពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លើវិស័យការទូត ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ សម្តេចបានបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលកម្ពុជាទុកចិត្តជានិច្ច ព្រមទាំងបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ជប៉ុនក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា និងការលះបង់របស់កងកម្លាំងរក្សាសន្តិភាពជប៉ុនក្រោមបេសកកម្ម UNTAC។
សម្តេចបានគូសបញ្ជាក់ថា ជំនួយ និងកិច្ចសហប្រតិបត្តិការរបស់ជប៉ុន បានបង្កើតលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍកម្ពុជា។ ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ សម្រេចបានជាង ២,៦ពាន់លានដុល្លារអាមេរិក ខណៈទុនវិនិយោគជប៉ុននៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៥ មានសរុប ២,៩ពាន់លានដុល្លារអាមេរិក។ លើសពីនេះ ជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១៧,០០០នាក់ និងទទួលយកពលករខ្មែរជិត ៧ម៉ឺននាក់ ទៅបម្រើការងារ ដែលបានរួមចំណែកបង្កើនប្រាក់ចំណូល និងជំនាញបច្ចេកទេសសម្រាប់ការអភិវឌ្ឍប្រទេស។
ជាការឆ្លើយតប លោក អឹអិណុ អាត់ត្សឹស៊ី បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា និងរដ្ឋសភាកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ។ លោកក៏បានបង្ហាញមោទនភាពចំពោះការដឹកនាំរបស់សម្តេចជាប្រធានរដ្ឋសភាស្ត្រីលើកដំបូងរបស់កម្ពុជា និងបានលើកឡើងថា ក្នុងអំឡុងពេលបំពេញបេសកកម្មរយៈពេល៣ឆ្នាំ លោកបានធ្វើដំណើរទៅកាន់គ្រប់រាជធានី-ខេត្ត និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាពលរដ្ឋកម្ពុជា។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងផ្លាស់ប្តូរទស្សនកិច្ចសិក្សាបទពិសោធន៍ផ្នែកនីតិកម្ម។ សម្តេចប្រធានរដ្ឋសភា បានអះអាងថា កម្ពុជាគាំទ្រយុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP) របស់ជប៉ុន ដែលស្របនឹងទស្សនវិស័យរបស់អាស៊ាន និង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចក៏បានស្នើឱ្យភាគីជប៉ុនបន្តគាំទ្រការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីជំរុញការកសាង សភាឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព៕
អត្ថបទ៖ វង សុភ័ក្ត្រ