ព័ត៌មានអន្តរជាតិ

ក្រុងគៀវ ត្រូវមីស៊ីលនិងដ្រូនរុស្ស៊ីជាង ៥៧០គ្រឿងវាយប្រហារសន្ធប់ ខណៈលោក ហ្សេលែនស្គី ជំរុញឱ្យលោកខាងលិច ពន្លឿនការផ្តល់ប្រព័ន្ធការពារដែនអាកាស ផេទ្រៀត

image


 
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelensky) បានចេញមុខអំពាវនាវយ៉ាងទទូចដល់សហរដ្ឋអាមេរិក និងដៃគូអឺរ៉ុប ឱ្យពន្លឿនការផ្តល់ប្រព័ន្ធការពារដែនអាកាសប្រឆាំងមីស៊ីល ផេទ្រៀត (Patriot) មកឱ្យអ៊ុយក្រែនជាបន្ទាន់ ដើម្បីទប់ស្កាត់ភាពងាយរងគ្រោះរបស់ប្រទេសនេះ ។
 
មេដឹកនាំអ៊ុយក្រែនរូបនេះ សង្កត់ធ្ងន់ថា បញ្ហាការពារដែនអាកាសត្រូវតែជាប្រធានបទ និងលទ្ធផលគន្លឹះនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបង្ហាញក្តីសង្ឃឹមក្នុងការទទួលបានការឆ្លើយតបវិជ្ជមានពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) លើការអនុញ្ញាតឱ្យអ៊ុយក្រែនផលិតប្រព័ន្ធការពារខ្លួនដោយផ្ទាល់ ។
 
ការប្រកាសទាមទារអាវុធការពារខ្លួននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងម៉ូស្គូ (Moscow) បានបើកការវាយប្រហារតាមអាកាសដ៏ធំបំផុតមិនធ្លាប់មាន ដោយប្រើប្រាស់មីស៊ីល និងគ្រាប់ដ្រូនសរុបជាង ៥៧០ គ្រឿង បាញ់ស្រោចលើទីក្រុងគៀវ (Kiev) នៅក្នុងការវាយប្រហារសន្ធប់អូសបន្លាយពេល ១១ ម៉ោង ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២២ នាក់បាត់បង់ជីវិត ។
 
ទោះជាយ៉ាងណាក៏ដោយ លោក ហ្សេលែនស្គី បញ្ជាក់ថា ភាគីអ៊ុយក្រែនក៏បានវាយបកចំគោលដៅយុទ្ធសាស្ត្រដែលគាំទ្រដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ីដូចគ្នាដែរ រួមមានហេដ្ឋារចនាសម្ព័ន្ធប្រេង និងទីតាំងផលិតអាវុធ ដោយក្នុងនោះ រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីមួយកន្លែងទៀត ក៏ត្រូវបានវាយប្រហារកម្ទេចផងដែរ។
 
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានចេញមុខអះអាងថា ការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន គឺមានគោលដៅបំផ្លាញសហគ្រាសឧស្សាហកម្មយោធា រោងចក្រដំឡើងមីស៊ីល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដើម្បីជាការសងសឹកទៅនឹងអ្វីដែលខ្លួនហៅថាជាសកម្មភាពភេរវកម្មរបស់អ៊ុយក្រែន លើទឹកដីរុស្ស៊ី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ CNN