ប្រទេសម៉ាឡាវី ដាក់ឱ្យប្រើប្រាស់ថ្នាំចាក់ការពារមេរោគអេដស៍ ២ដងក្នុង១ឆ្នាំ មានប្រសិទ្ធភាព ៩៩%
ម៉ាឡាវី៖ ប្រទេសម៉ាឡាវី (Malawi) បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ដោយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឱសថចាក់ការពារមេរោគអេដស៍ដែលមានប្រសិទ្ធភាពយូរអង្វែងឈ្មោះថា ឡេណាកាប៉ាវៀ (Lenacapavir) នៅក្នុងទីក្រុងលីឡុងវេ (Lilongwe) ដើម្បីពង្រឹងការទប់ស្កាត់នូវការឆ្លងរាលដាលថ្មីៗ ។
នៅក្នុងពិធីប្រកាសនោះ លោក ម៉ាដាលីតសូ បាឡូយី (Madalitso Baloyi) រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡាវី បានបញ្ជាក់ថា ឱសថចាក់ការពារមុនពេលប្រឈម ឬហៅថា ប្រិប (PrEP) ប្រភេទចាក់យូរអង្វែងនេះ នឹងក្លាយជាអាវុធដ៏សំខាន់ក្នុងការការពារប្រជាពលរដ្ឋ និងជួយគាំទ្រដល់យុទ្ធនាការជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ។
ទន្ទឹមនឹងនេះ លោក ចូណាថាន ហ្វីសឈ័រ (Jonathan Fischer) តំណាងស្ថានទូតសហរដ្ឋអាមេរិក បានលើកឡើងថា ឱសថនេះជាការបោះជំហានដ៏អស្ចារ្យបំផុតមួយក្នុងរយៈពេលរាប់សិបឆ្នាំ ព្រោះវាបានបង្ហាញប្រសិទ្ធភាពខ្ពស់រហូតដល់ទៅជាង ៩៩% នៅក្នុងការសាកល្បងពិសោធន៍លើមនុស្សពិតប្រាកដ ។
លក្ខណៈពិសេសនៃឱសថ ឡេណាកាប៉ាវា (Lenacapavir) នេះ គឺតម្រូវឱ្យអ្នកប្រើប្រាស់ចាក់ត្រឹមតែ ២ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលបង្កលក្ខណៈងាយស្រួលខ្លាំង និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមិនចង់លេបថ្នាំការពារមេរោគអេដស៍ជារៀងរាល់ថ្ងៃ ។
ការដាក់ឱ្យប្រើប្រាស់ឱសថនេះ ធ្វើឡើងចំពេលដែលប្រជាពលរដ្ឋម៉ាឡាវីប្រមាណ ៧% ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅ កំពុងរស់នៅជាមួយមេរោគអេដស៍ (HIV) ដែលធ្វើឱ្យអាជ្ញាធរសុខាភិបាលរំពឹងថា វានឹងជួយកាត់បន្ថយអត្រាឆ្លងថ្មីៗបានយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.