សង្គម

ធនាគារ J Trust Royal Bank ឧបត្ថម្ភ​ថវិកាមូលនិធិ ១០ម៉ឺនដុល្លារអាម៉េរិក ជូនសមាគមសិល្បករខ្មែរ ដើម្បីរួមចំណែកអភិរក្ស និងលើកកម្ពស់សិល្បៈវប្បធម៌ជាតិ

image


 
ភ្នំពេញ៖ នៅថ្ងៃទី២ កក្កដា ២០២៦ ធនាគារ J Trust Royal Bank បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំចំនួន ១០០,០០០ ដុល្លារអាម៉េរិក ជូនដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។
 
ពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យធនាគារ J Trust Royal Bank ស្ថិតក្នុងអគារ Royal Group Central Tower ក្រោមវត្តមានរបស់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និង លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank ថ្នាក់ដឹកនាំក្រុមហ៊ុន Royal Group of Companies ថ្នាក់ដឹកនាំធនាគារ ភ្ញៀវកិត្តិយស និងសិល្បករ សិល្បការិនីជាច្រើនរូប។
 
ថ្លែងក្នុងពិធីនេះ លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ J Trust Royal Bank បានមានប្រសាសន៍ថា ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ លោកលើកឡើងបន្តថា ភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលនូវ​សមត្ថភាពក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ។
 
លោកបានបញ្ជាក់ថា ធនាគារ J Trust Royal Bank មានមោទនភាពដែលបានរួមចំណែកគាំទ្រការអភិរក្ស និងផ្សព្វផ្សាយមរតកសិល្បៈវប្បធម៌ខ្មែរ និងអំពាវនាវឱ្យគ្រប់ភាគីបន្តសហការគ្នា ដើម្បីធានាថាសិល្បៈខ្មែរនឹងបន្តរីកចម្រើន និងបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។
 
ជាការឆ្លើយតប លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ J Trust Royal Bank និង Royal Group of Companies ដែលបានបន្តគាំទ្រសកម្មភាពរបស់សមាគមជាបន្តបន្ទាប់។ លោកជំទាវបានលើកឡើងថា ការឧបត្ថម្ភនេះបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវសង្គម និងចក្ខុវិស័យវែងឆ្ងាយរបស់វិស័យឯកជន ក្នុងការចូលរួមអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌ជាតិ។
 
លោកជំទាវបានបញ្ជាក់ថា ថវិកាឧបត្ថម្ភដែលសមាគមទទួលបាន នឹងត្រូវប្រើប្រាស់ដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់គាំទ្រសកម្មភាពអភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ ជួយដល់សិល្បករ និងសិល្បការិនីដែលជួបការលំបាក បណ្តុះបណ្តាលយុវជនជំនាន់ក្រោយ និងផ្សព្វផ្សាយតម្លៃសិល្បៈវប្បធម៌ខ្មែរ ទាំងក្នុង និងក្រៅប្រទេស។
 
ជាមួយគ្នា​នោះ លោកជំទាវអ្នកឧកញ៉ា ក៏បានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន សប្បុរសជន និងសិល្បករ សិល្បការិនីទាំងអស់ បន្តចូលរួមគាំទ្រសកម្មភាពរបស់សមាគមសិល្បករខ្មែរ ដើម្បីរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
 
សូមបញ្ជាក់ថា ពិធីប្រគល់-ទទួលថវិកានេះ បានបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងសមាគមសិល្បករខ្មែរ និងធនាគារ J Trust Royal Bank ក្នុងការរួមចំណែកអភិវឌ្ឍសង្គម តាមរយៈការអភិរក្សវប្បធម៌ លើកកម្ពស់សុខុមាលភាពសិល្បករ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕
 
អត្ថបទ៖ចេង ឆហួត និងរូបភាព៖ង៉ាន់ សំណាង, អ៊ុន ផាន់ណាត់