ផ្ទុះកំហឹង! ពលរដ្ឋស្រុកពាមរក៍ នាំគ្នាដេញសាឡង់បូមខ្សាច់ ក្រោយអះអាងថា បានបង្កបាក់ច្រាំងទន្លេ និងរំខានទាំងយប់ទាំងថ្ងៃ
ព្រៃវែង៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារ ដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានផ្ទុះការតវ៉ា នាំគ្នាជិះទូកដេញសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនចតុមុខ បន្ទាប់ពីអះអាងថា ការបូមខ្សាច់ទាំងថ្ងៃទាំងយប់ បានបង្កឱ្យច្រាំងទន្លេបាក់ស្រុត ប៉ះពាល់ដល់ដីធ្លី លំនៅឋាន និងការរស់នៅរបស់ពួកគាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។
ប្រជាពលរដ្ឋអះអាងថា សាឡង់បូមខ្សាច់មិនត្រឹមតែធ្វើឱ្យច្រាំងទន្លេប្រឈមការបាក់ស្រុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កសំឡេងរំខានខ្លាំងទាំងពេលថ្ងៃ និងពេលយប់ រហូតធ្វើឱ្យពួកគាត់រស់នៅដោយគ្មានភាពសុខសាន្ត។ ពួកគាត់បញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលនាំគ្នាចេញមកតវ៉ា ព្រោះកន្លងមកធ្លាប់ដាក់ពាក្យបណ្តឹងទៅអាជ្ញាធរ និងមន្ត្រីជំនាញជាច្រើនដង ប៉ុន្តែមិនទាន់មានដំណោះស្រាយច្បាស់លាស់។ រាល់ពេលមានការតវ៉ា សាឡង់តែងបើកចេញ ប៉ុន្តែក្រោយប្រជាពលរដ្ឋត្រឡប់ទៅវិញ ក៏ចូលមកបូមខ្សាច់សារជាថ្មី។
ទោះបីជាហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសក៏ដោយ ក្រុមហ៊ុនបានបើកសាឡង់ចាកចេញពីទីតាំង ក្រោយប្រឈមមុខនឹងកំហឹងរបស់ប្រជាពលរដ្ឋ។
លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ បានបញ្ជាក់ថា ពិតជាមានប្រជាពលរដ្ឋនាំគ្នាទៅរារាំង និងដេញសាឡង់បូមខ្សាច់មែន ប៉ុន្តែក្រោយមានការអន្តរាគមន៍ ភាគីទាំងពីរបានបំបែកគ្នា ដោយមិនមានភាគីណាមួយដាក់ពាក្យបណ្តឹងនោះទេ។
ចំណែកលោក កែវ ពិសី អភិបាលស្រុកពាមរក៍ បានឱ្យដឹងថា តាមព័ត៌មានបឋម សាឡង់បូមខ្សាច់បានទាក់ដាច់មងរបស់ប្រជានេសាទ ទើបបង្កឱ្យមានការខឹងសម្បា និងនាំគ្នាចេញទៅរារាំង។ ក្រោយកើតហេតុ អាជ្ញាធរបានចុះអន្តរាគមន៍ភ្លាមៗ និងបញ្ជាឱ្យក្រុមហ៊ុនផ្អាកការបូមខ្សាច់ជាបណ្តោះអាសន្ន។
ដោយឡែក លោក ឆៃ វិចិត្រ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រុមហ៊ុនចតុមុខមានអាជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល ប៉ុន្តែបានផ្អាកសកម្មភាពជាងមួយឆ្នាំមកហើយ។ ការចូលមកបូមឡើងវិញដោយមិនបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន បាននាំឱ្យកើតមានការប៉ះទង្គិចជាមួយប្រជានេសាទ។ បច្ចុប្បន្ន មន្ត្រីជំនាញបានសម្រេចផ្អាកសកម្មភាពបូមខ្សាច់ រង់ចាំការដោះស្រាយ និងពិនិត្យបន្ថែម។
អត្ថបទ៖ តែ ផានិត