អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត៖ ក្នុងនាមជាអ្នកជំនាញរបស់វិស័យសុខាភិបាល ក្តីសង្ឃឹមថ្មីត្រូវបន្តជានិច្ច តាមរយៈការចាប់ផ្តើមអនុវត្ត ហើយលទ្ធផលដែលកើតចេញពីការខិតខំរបស់យើង នឹងអាចបម្រើជូនដល់អ្នកជំងឺ ឱ្យបានកាន់តែល្អប្រសើរឡើង
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ការអភិវឌ្ឍសេវាព្យាបាល និងថែទាំ អាចធ្វើទៅបានពឹងផ្អែកលើកត្តាច្រើន រួមមានការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបន្ថែមឧបករណ៍ សម្ភារៈទំនើបៗ និងការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ក្នុងនាមយើងជាអ្នកជំនាញ របស់វិស័យសុខាភិបាល ក្តីសង្ឃឹមថ្មីត្រូវបន្តជានិច្ច តាមរយៈការចាប់ផ្តើមអនុវត្ត ដោយផ្អែកលើឱកាស និងកាលៈទេសៈសមស្រប ហើយលទ្ធផលដែលកើតចេញពីការខិតខំរបស់យើង នឹងអាចបម្រើជូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលជួយលើកតម្កើងកេរ្តិ៍ឈ្មោះ កិត្តិយសរបស់យើងទាំងអស់គ្នា ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។
ថ្លែងក្នុងឱកាសបើក “ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី ២៨ របស់មន្ទីរពេទ្យកាល់ម៉ែត” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦, លោកសាស្ត្រាចារ្យ គង់ សន្យា បានបន្ថែមថា ភាពជោគជ័យរបស់បុគ្គលម្នាក់ គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា ពីព្រោះថាផ្នែកវេជ្ជសាស្ត្រ ជានិមិត្តរូបនៃការចែករំលែកបទពិសោធ និងកិច្ចសហការពីគ្រប់អ្នកជំនាញ។ ការដោះស្រាយបញ្ហាសុខភាពរបស់អ្នកជំងឺទាមទារ ឱ្យអ្នកជំនាញមានការរួមគ្នា ឯកភាពគ្នាគ្រប់ពេលវេលា ទើបការអនុវត្តទទួលបានផ្លែផ្កា។
លោកវេជ្ជបណ្ឌិត ថេង សទ្ធា ប្រធានគណៈកម្មាធិការវេជ្ជសាស្ត្រពិគ្រោះយោបល់ បានឱ្យដឹងថា ទិវានេះមានប្រធានបទចំនួន ៣២ ដែលនឹងត្រូវយកមកធ្វើបទបង្ហាញទាក់ទងទៅនឹងឯកទេសផ្សេងៗដូចជាអន្តរាគមន៍វិទ្យាសាស្ត្រ ផ្នែកវះកាត់ ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកប្រពោនកម្មទារក ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកជំងឺបេះដូង ផ្នែកជំងឺសួត និងវិទ្យាសាស្ត្រថែទាំ។
លោកសាស្ត្រាចារ្យ គង់ សន្យា បានចាត់ទុក ប្រធានបទ ដែលបានលើកឡើងសម្រាប់ឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យឃើញពីការបន្តខិតខំអភិវឌ្ឍន៍ នវានុវត្តន៍សេវាសុខាភិបាលរបស់អង្គភាពសុខាភិបាលសាធារណៈ ជាពិសេសមន្ទីរពេទ្យជាតិ និងមន្ទីរ ពេទ្យខេត្តនានា។ គោលដៅនេះ អាចសម្រេចបានតាមរយៈការចូលរួមពីគ្រប់តួអង្គសេវាសុខាភិបា ល ផ្សាភ្ជាប់នឹងតួនាទី និងភារកិច្ចរបស់យើងម្នាក់ៗតាមជំនាញរៀងៗខ្លួន។
ការត្រៀមលក្ខណៈគិតគួរហ្មត់ចត់ទុកជាមុន លើការបម្រើសេវាសុខាភិបាលនឹងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវសេវាប្រកបដោយសមភាព និងសមធម៌ ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ ជាពិសេសការជំរុញគំហើញបច្ចេកទេសវេជ្ជសាស្ត្រតាមឯកទេសថ្មីៗ សេវាអមគ្លីនិក បច្ចេកទេសថែទាំអ្នកជំងឺឱ្យបានកាន់តែល្អប្រសើរឡើង ឈានទៅកម្រិតខ្ពស់មួយទៀត៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី