នគរបាលខេត្តកណ្តាល ឃាត់រថយន្តដឹកថ្នាំពេទ្យខុសច្បាប់មួយគ្រឿង រឹបអូសថ្នាំជាង ២៣,៤០០កញ្ចប់ និងឃាត់ខ្លួនអ្នកបើកបរម្នាក់
កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយមន្ទីរសុខាភិបាលខេត្ត បើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឱសថខុសច្បាប់មួយគ្រឿង ដោយរឹបអូសថ្នាំពេទ្យចំនួន ៤៥កេសធំ ស្មើនឹង ១២០ប្រភេទ និងជាង ២៣,៤០០កញ្ចប់ ដែលពុំមានច្បាប់អនុញ្ញាត និងពុំបានចុះបញ្ជីត្រឹមត្រូវ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០០:១៥នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រតិបត្តិការនេះ អនុវត្តតាមការណែនាំរបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងស្ថិតក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង។
សមត្ថកិច្ចបានឃាត់រថយន្តសាំយ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2AA-8359 និងឃាត់ខ្លួនអ្នកបើកបរម្នាក់ឈ្មោះ ភាព ស្រី អាយុ ៣៧ឆ្នាំ។
យោងតាមការត្រួតពិនិត្យរបស់មន្ត្រីជំនាញ បានបញ្ជាក់ថា ឱសថទាំងអស់ពុំមានច្បាប់អនុញ្ញាត និងពុំបានចុះបញ្ជីត្រឹមត្រូវ ស្របតាមច្បាប់ឱសថ។
វត្ថុតាងទាំងអស់ ត្រូវបានដកហូត និងរក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងពង្រីកការស៊ើបអង្កេតរកប្រភព និងអ្នកពាក់ព័ន្ធបន្ថែម៕