ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ សម្តេចតេជោ ហ៊ុន សែន បានកសាងគ្រឹះដ៏រឹងមាំមួយទុកសម្រាប់អ្នកបន្តវេន នោះគឺ សុខសន្តិភាព និងសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ដែលបានលេចត្រដែលឡើងគ្រប់វិស័យ

image

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នៅពេលចាប់ផ្តើមចូលកាន់តំណែងភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាកកាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ការណ៍នេះដោយសារសម្តេចតេជោបានកសាងគ្រឹះដ៏រឹងមាំមួយទុកសម្រាប់អ្នកបន្តវេន នោះគឺ សុខសន្តិភាព និងសមិទ្ធផលធំៗជាច្រើនរាប់មិនអស់ដែលបានលេចត្រដែលឡើងគ្រប់វិស័យ។

លោក ប៉ែន បូណា បានបញ្ជាក់ថា ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដែលជាកម្មវិធីនយោបាយសង្គម-សេដ្ឋកិច្ច មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយមហិច្ឆតា ដោយសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ មុំទាំង៥នៃបញ្ចកោណ ទី១. ការអភិវឌ្ឍមូលធនមនុស្ស, ទី២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែង, ទី៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ, ទី៤. ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរយាប័ន្ន និងទី៥. ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចឌីជីថល។

ទន្ទឹមនឹងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានប្រកាសដាក់ចេញកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ដែលត្រូវអនុវត្តភ្លាមៗជាបន្ទាន់ សំដៅជួយគាំពារពលរដ្ឋដែលមានជីវភាពទន់ខ្សោយ និងងាយរងហានីភ័យ ពោលគឺ ប្រជាពលរដ្ឋក្រីក្រដែលទទួលបានផលមុនគេពីកម្មវិធីគោលនយោបាយអាទិភាពគឺ «សុខភាព» ដោយផ្តល់ការថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់ជាសាកល គឺគោលដៅរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីគឺ «ពលរដ្ឋខ្មែរគ្រប់រូបឱ្យតែកើតមកជាខ្មែរ ត្រូវតែទទួលបានសេវាសុខាភិបាលនៅពេលឈឺ ហើយជាសេវាសុខាភិបាលល្អ លឿនរហ័ស និងមានគុណភាព»។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារងាយរងហានិភ័យ និងរបបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ តាមគោលការណ៍ស្ម័គ្រចិត្ត។ កម្មវិធីទាំងពីរនេះសំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានបណ្ណព្យាបាលជំងឺដោយឥតគិតថ្លៃឱ្យបានច្រើនគ្នា។ ជាក់ស្តែង ការប្រើប្រាស់សេវាថែទាំសុខភាពក្រោមកម្មវិធីមូលនិធិសមធម៌ពីខែឧសភា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ មានចំនួនជាង ៤លាន ៨សែនករណី។

ទន្ទឹមនឹងការផ្តល់បណ្ណព្យាបានជំងឺដោយឥតបង់ថ្លៃ រាជរដ្ឋាភិបាលអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពការផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន។ ការេងារនេះធ្វើឡើងតាមរយៈការប្រកួតប្រជែងក្នុងការផ្តល់សេវាល្អ និងមានការវាយតម្លៃជាប្រចាំ។ ជាក់ស្តែងចំនួនមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដែលទទួលបានពិន្ទុគុណភាពសេវាលើសពី ៦០% បានកើនឡើងគួរឱ្យកត់សម្គាល់។

ម្យ៉ាងទៀត ការកសាងសមត្ថភាពស្ថាប័នក៏ជាការងារដ៏សំខាន់មួយទៀតរបស់ក្រសួងសុខាភិបាល តាមរយៈការពង្រាយមន្ត្រីសុខាភិបាលទៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ជាពិសេសការធានាដំណើរការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃក្នុង១សប្តាហ៍ ខណៈដែលការលើកកម្ពស់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យត្រូវបានពង្រឹងជាប្រចាំ។ នេះជាកិច្ចការដែលក្រសួងសុខាភិបាលបាននិងកំពុងធ្វើយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការដែលសម្តេចធិបតីចង់បានសម្រាប់ប្រជាពលរដ្ឋរបស់លោក។
 
ចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយការដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (គោលដៅរបស់សម្តេចធិបតី៖ កូនខ្មែរគ្រប់រូបត្រូវមានចំណេះជំនាញមួយយ៉ាងតិចក្នុងជីវិត។ កម្មវិធីនេះផ្តល់ឱកាសដល់យុវជនដែលគ្មានលទ្ធភាពរៀនសូត្របន្តទៅថ្នាក់ខ្ពស់ ក៏អាចរៀនយកជំនាញមួយបានដើម្បីចិញ្ចឹមជីវិត គឺរៀនដោយឥតបង់ថ្លៃ និងថែមទាំងទទួលបានការឧបត្ថម្ភថែមទៀត ក្រោមអភិក្រម រៀនឱ្យចេះ រៀនឱ្យចប់ និងឱ្យមានការងារធ្វើ)។

គិតចាប់ពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ មានយុវជនជាគោលដៅសរុបប្រមាណ ២៧ម៉ឺននាក់ ទទួលបានការបណ្តុះបណ្តាលកម្រិតវិជ្ជាជីវៈ ក្នុងនោះបណ្តុះបណ្តាលនៅក្រោមក្រសួងការងារចំនួន ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណជា ៤ម៉ឺននាក់។

លទ្ធផលនៃការងារពង្រឹងប្រព័ន្ធគាំពារសង្គម (ប្រព័ន្ធសន្តិសុខសង្គម)៖ គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពបានកើនឡើងដល់ប្រមាណ ៣,៧លាននាក់ ក្នុងនោះសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនប្រមាណជិត ៩៦ម៉ឺននាក់។

ស្ថានភាពនៃទីផ្សារការងារក្នុងប្រទេស ឆមាសទី១ ឬ ៥ខែដើមឆ្នាំ សន្ទុះនៃទីផ្សារការងារក្នុងប្រទេស ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ បានបង្ហាញពីសញ្ញាណវិជ្ជមានគឺ កំណើននៃការចុះបញ្ជីសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន ៦៥០សហគ្រាស ដែលបានស្រូបយកកម្លាំងពលកម្មប្រមាណ ៨ម៉ឺននាក់។ បន្ថែមពីនេះ ការអន្តរាគមន៍គាំទ្រអតីតពលករខ្មែរដែលត្រលប់ពីប្រទេសថៃ ក៏ទទួលបានលទ្ធផលយ៉ាងល្អ នោះគឺ ក្រោយមានសង្គ្រាមឈ្លានពានពលករបានសម្រុកចាកចេញពីប្រទេសថៃត្រលប់មកវិញយ៉ាងគំហុគ។ ពេលនោះមនុស្សជាច្រើនព្រួយបារម្ភថា កម្ពុជាអាចជួបវិបត្តិធំ គឺវិបត្តិការងារ។ ប៉ុន្តែបញ្ហានេះ ត្រូវបានរាជរដ្ឋាភិបាល ដែលមានក្រសួងការងារជាសេនាធិការ ដោះស្រាយបានយ៉ាងល្អ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានអ្នកទទួលបានការងារសរុបប្រមាណ ៦៤ម៉ឺននាក់ ក្នុងនោះអ្នកទទួលបានការងារក្នុងប្រព័ន្ធតាមរយៈយន្ដការរបស់ក្រសួងការងារមានសរុបប្រមាណ ៣៤ម៉ឺននាក់ ហើយពលករដែលបានបន្សាំខ្លួនទៅនឹងជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ ៣០ម៉ឺននាក់។ បច្ចុប្បន្នក្រសួងការងារនៅមានការងារជាច្រើនកំពុងរង់ចាំពលករដែលត្រូវការ។

លោក ប៉ែន បូណា បានបន្តថា ទាំងអស់នេះបើគ្មានការដឹកនាំ ចាត់ចែង និងដោះស្រាយប្រកបដោយភាពវៀងវៃរបស់សម្តេចធិបតី និងមានសេនាធិការដ៏ល្អដូចក្រសួងការងារទេ វិបត្តិការងារដ៏ធំអាចកើតមាន។

ក្រឡេកមើលចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រ រយៈពេរល៥ខែដើមឆ្នាំ២០២៦ ដោយសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួនជាង ៤ម៉ឺន ៧ពាន់សហគ្រាស ពោលគឺ មានការកើនឡើងប្រមាណ ៦៥០សហគ្រាសធៀបនឹងឆ្នាំ២០២៥ ហើយចំនួនកម្មករនិយោជិតមានសរុបប្រមាណ ២,៣លាននាក់ កើនឡើងប្រមាណជា ១០ម៉ឺននាក់ ក្នុងរយៈពេលដូចគ្នា។

ចំពោះការពង្រឹងកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គឺសំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈ ការផ្តល់ថវិកាសម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រោះអាសន្ន បានឧបត្ថម្ភសាច់ប្រាក់ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារចំនួនជាង ៧៦ម៉ឺនគ្រួសារ (ក្នុងនោះ ជនចាស់ជរា, ជនមានពិការភាព, អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍, សិស្សអាហារូបករណ៍, ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ)។ ឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំថ្មី, ការឧបត្ថម្ភសាច់ប្រាក់ដើម្បីទ្រទ្រង់ជីវភាពគ្រួសារភៀសសឹកកំពុងស្នាក់នៅបណ្តោះ អាសន្នក្នុងជម្រកសុវត្ថិភាព។ គោលនយោបាយសង្គមកិច្ចនេះគឺជួយតាំងពីចាប់កំណើត រហូតដល់ចាស់ជរា គឺ ស្ត្រីមានផ្ទៃពោះ, កុមារអាយុក្រោម២ឆ្នាំ, អាហារូបករណ៍រហូតដល់ថ្នាក់មធ្យមសិក្សា, ចាស់ជរាអាយុ៦០ឆ្នាំឡើង)។
 
 
ចំពោះយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ ចាប់តាំងពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត បង្កើតប្រព័ន្ធចុះឈ្មោះតាម ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានដាក់ឱ្យដំណើរការ ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

លោក ប៉ែន បូណា បានបន្តថា គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាទទួលបានសំណើចុះឈ្មោះចំនួនជាង ៣៧ម៉ឺន៥ពាន់។ ការចុះឈ្មោះទទួលបានអត្ថប្រយោជន៍ ទទួលបានវិញ្ញាបនបត្របញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងារ, មានលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.), អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់, ផ្តល់លទ្ធភាពឱ្យបង្កើនសមត្ថភាពជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈការពង្រឹងជំនាញដែលមានស្រាប់ និងការចាប់យកជំនាញថ្មី។ មានឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្ម បង្កើនប្រាក់ចំណូល និងបង្កើតការងារសម្រាប់ទាំងខ្លួនឯងផង និងអ្នកដទៃផង និងអត្ថប្រយោជន៍ជាច្រើនទៀត។

គោលនយោបាយនេះមានគោលដៅជួយដល់អ្នកដែលប្រកបមុខរបរក្រៅប្រព័ន្ធ ដើម្បីឱ្យទទួលបានអត្ថប្រយោជន៍ ដូចជា បណ្ណថែទាំសុខភាព ការបណ្តុះបណ្តាល ការពង្រីកមុខរបរ ប្រាក់កម្ចី និងការឧបត្ថម្ភពេលមានវិបត្តិផ្សេងៗ។
 
ចំពោះគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងតម្លៃ គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ការបញ្ចេញហិរញ្ញប្បទានពិសេសមានចំនួន៥ដង ស្មើនឹងទំហំទឹកប្រាក់ចំនួន ១៧០លានដុល្លារ ក្នុងនោះហិរញ្ញប្បទានដែលបានប្រើប្រាស់មានចំនួន ១៤១,៧លានដុល្លា។ ការបញ្ចេញហិរញ្ញប្បទានពិសេសនៅត្រីមាសចុងក្រោយនៃឆ្នាំ២០២៥ បានជួយរក្សាស្ថិរភាពតម្លៃស្រូវក្រអូប (រំដួល សែនក្រអូប និងស្រងែ) ក្នុងតម្លៃចន្លោះពី ៩០០រៀល ទៅ ១ ០០០រៀល/គក្រ ហើយដែលបានចូលរួមចំណែកក្នុងការរក្សានិរន្តរភាពទីផ្សារអង្ករក្រអូប និងក្រអូបប្រណីត ព្រមទាំងរក្សានិរន្តរភាពនៃការដាំដុះរបស់កសិករ។ ព្រមទាំងបានជួយឱ្យ រោងម៉ាស៊ីនឱ្យអាចប្រមូលទិញស្រូវពីកសិករបានទាន់ពេលវេលា និងរក្សាតម្លៃល្អសម្រាប់កសិករ និងបានធានាស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការនាំចេញ។ ថ្មីៗនេះ មានការបើកច្រកថ្មីសម្រាប់ការដឹកជញ្ជូនឆ្លងកាត់កសិផលខ្មែរចំនួន ៦មុខ ទៅកាន់ទីផ្សារចិន រួមមាន ចេក ស្វាយ អង្ករ មៀនប៉ៃលិន ម្សៅដំឡូងមី និងទុរេន។ ទាំងអស់នេះគឺជាសមិទ្ធផលធំៗដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចធិបតី ដែលមានក្រសួងកសិកម្មជាសេនាធិការ។
 
នៅក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១ ៦០០នាក់ នៅគ្រប់ឃុំសង្កាត់ ដែលមានសក្ដានុពលកសិកម្មនៅក្នុង ២៤ខេត្ត ស្មើនឹងជាង ៩១% នៃចំនួនឃុំ/សង្កាត់ទាំងអស់នៅទូទាំងប្រទេស ក្នុងនោះ ឃុំសង្កាត់ចំនួន ៩២ បានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ ២រូប។ មន្ត្រីកសិកម្មឃុំបានជួយផ្ដល់បច្ចេកទេសកសិកម្ម សម្របសម្រួលទីផ្សារកសិផលជូនកសិករ ប្រមូលទិន្នន័យកសិកម្ម តាមដានតម្លៃកសិផល និងជួយសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសហគមន៍។ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ មន្រ្តីកសិកម្មឃុំបានចុះដល់ឃុំគោលដៅទាំងអស់ និងសម្រេចបានលទ្ធផល ដូចជា កសិករបានស្គាល់មន្រ្តីកសិកម្មឃុំ សង្កាត់មានចំនួនជាង ១ លានគ្រួសារ។ បានផ្តល់សេវាកម្មផ្សព្វផ្សាយកសិកម្ម ដល់កសិករបានចំនួន ជាង៦៦ម៉ឺនគ្រួសារ ក្នុងនោះកសិករសហការអនុវត្តគោលការណ៍ស្រែល្អមានចំនួនជាង ៩ម៉ឺនគ្រួសារ។ បានផលិត និងផ្សព្វផ្សាយវីដេអូបានសរុបចំនួនជាង ១ ២០០វីដេអូ។ ធ្វើបង្ហាញបច្ចេកទេសដល់កសិករបានចំនួនជាង ៣ ៦៥៧លើក និងរៀបចំវគ្គបណ្តុះបណ្តាលដល់កសិករបានជាង១ម៉ឺនវគ្គ។ មន្រ្តីកសិកម្មឃុំ សង្កាត់ ក៏បានចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងមូលដ្ឋានដែលកសិករជួបប្រទះ។

ចំពោះសហគមន៍កសិកម្មទំនើប រហូតមកទល់ពេលនេះ សហគមន៍កសិកម្មទំនើបចំនួន ៣២ ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការ ក្នុងរាជធានី-ខេត្តចំនួន ១៤ ដោយផ្តោតលើកសិផលយុទ្ធសាស្ត្រចំនួន៦ (ស្រូវ ស្វាយចន្ទី ម្រេច បន្លែ មៀនប៉ៃលិន និងមាន់) ដែលប្រមូលផ្តុំសមាជិកកសិករបានប្រមាណ ៤០០០គ្រួសារ និងមានផ្ទៃដីផលិតកម្មជាង ២ម៉ឺន៤ពាន់ហិកតា។

ចំពោះការគាំទ្រហិរញ្ញប្បទាន និងដើមទុន មានសហគមន៍ចំនួន ៣១ ទទួលបានប្រាក់កម្ចីពីធនាគារ (ARDB, Wing, ធនាគារ FTB) សរុបទំហំទឹកប្រាក់ប្រមាណ ១៥លានដុល្លារ ក្នុងអត្រាការប្រាក់ទាបត្រឹម ៨% ក្នុងមួយឆ្នាំ សម្រាប់ការវិនិយោគលើកសិកម្ម ដោយមានការធានាឥណទានទាំងស្រុងពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ លើសពីនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញ នូវគោលការណ៍ផ្តល់ឥណទានពិសេស តាមរយៈគម្រោងដៃគូអភិវឌ្ឍន៍ទំហំ ៥០លានដុល្លារ និងតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាជាមួយធនាគារដៃគូចំនួន ៥ ផ្សេងទៀត ក្នុងទំហំ ២៨លានដុល្លារ ដោយមានការធានាឥណទានពី CGCCផងដែរ។

ចំណែកការតភ្ជាប់ទីផ្សារ ដោយក្រសួងកសិកម្ម បានសម្របសម្រួលឱ្យសហគមន៍ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ចំនួន ៥៤កិច្ចសន្យា ដែលមានទំហំទឹកប្រាក់ស្មើនឹងប្រមាណ ៦២លានដុល្លារ។ ជារួម កម្មវិធីគោលនយោបាយអាទិភាពនៃការអភិវឌ្ឍសហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយជាប្រព័ន្ធ និងជារបាំងការពារដ៏រឹងមាំសម្រាប់ប្រជាកសិករពីហានិភ័យធំៗទាំង៤គឺ ទីផ្សារ ដើមទុន បច្ចេកទេស និងការគ្រប់គ្រង (កសិករអត់មានព្រួយបារម្ភទេ) ជាពិសេសក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងទីផ្សារកាន់តែខ្លាំង។ ការផ្លាស់ប្តូរជារចនាសម្ព័ន្ធទាំងនេះ នឹងជួយប្រែក្លាយការធ្វើកសិកម្មបែបគ្រួសារដែល ងាយរងគ្រោះ ទៅជាសហគ្រាសសេដ្ឋកិច្ចខ្នាតធំ ដែលមានសមត្ថភាពប្រកួតប្រជែង មានស្តង់ដារគុណភាពច្បាស់លាស់ និងផ្តល់តម្លៃបន្ថែមខ្ពស់។

លោក ប៉ែន បូណា បានបញ្ជាក់ថា កម្មវិធីគោលនយោបាយអាទិភាពទាំង៦ បាននិងកំពុងបោះជំហានទៅមុខជានិច្ច ហើយបានផ្តល់ផលប្រយោជន៍ធំធេងដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានីភ័យស្របតាមគោលបំណងដែលរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតីចង់បាន៕