ព័ត៌មានអន្តរជាតិ

ពលរដ្ឋលីបង់ ប្រឆាំងដាច់ខាតនឹងកិច្ចព្រមព្រៀងការទូតជាមួយអ៊ីស្រាអ៊ែល ដោយសច្ចាមិនរត់ចោលទឹកដីកំណើតឡើយ

image

លីបង់៖ ស្ថានភាពនៅភាគខាងត្បូងប្រទេសលីបង់ នៅតែបន្តមានភាពតានតឹង បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ ដោយសារតែកងទ័ពអ៊ីស្រាអ៊ែល នៅតែបន្តប្រតិបត្តិការយោធា និងការវាយប្រហារដោយដ្រូនជាប្រចាំ បង្កការភ័យខ្លាចឥតឈប់ឈរដល់ប្រជាពលរដ្ឋ ។

បញ្ហាកាន់តែក្តៅគគុក បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហូ (Benjamin Netanyahu) បានប្រកាសចាត់ទុកភូមិហ្វ្រូន (Froun) និងភូមិជិតខាងជា «តំបន់សាកល្បងយុទ្ធសាស្ត្រថ្មីរបស់យោធា» ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីអាជ្ញាធរក្នុងតំបន់ និងអ្នកស្រុក ព្រោះភូមិនេះស្ថិតនៅក្រៅខ្សែបន្ទាត់លឿង និងមិនមែនជាទឹកដីដែលរងនូវការកាន់កាប់ឡើយ ។

ទន្ទឹមនឹងការគំរាមកំហែងពីសត្រូវ ថ្នាក់ដឹកនាំមូលដ្ឋានបានសម្តែងការខកចិត្ត និងរិះគន់រដ្ឋាភិបាលលីបង់យ៉ាងធ្ងន់ធ្ងរ ដែលបានបោះបង់ចោលនូវការទទួលខុសត្រូវ ហើយរត់ទៅចរចាលើកិច្ចព្រមព្រៀងបឋមជាមួយអ៊ីស្រាអ៊ែល តាមរយៈសហរដ្ឋអាម៉េរិកទៅវិញ ដោយគ្មានការសាកសួរសុខទុក្ខ ឬទាក់ទងមកជួយប្រជាជនក្នុងតំបន់ទាល់តែសោះ ។

ទោះបីជាទទួលរងនូវការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរក៏ដោយ ប្រជាពលរដ្ឋនៅក្នុងភូមិហ្វ្រូន មួយចំនួន បានបង្ហាញគោលជំហរដាច់ខាតមិនព្រមចាកចេញពីទឹកដីកំណើតឡើយ ហើយបានប្រកាសប្រឆាំងនឹងការស្តារទំនាក់ទំនងជាមួយសត្រូវ ដោយទទូចសុំឱ្យរដ្ឋាភិបាលជួយផ្តល់ទីជម្រកស្នាក់នៅ និងស្តារភូមិឋានឡើងវិញដោយរក្សានូវកិត្តិយសជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.