ប្រធានាធិបតីត្រាំ រិះគន់អេស្ប៉ាញរឿងមិនព្រមជួយអ្នកដទៃ ទាំងដែលខ្លួនជាសមាជិករបស់អង្គការណាតូ
សហរដ្ឋអាម៉េរិក៖ ស្ថិតនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងម៉េដូរ៉ា (Medora) កាលពីថ្ងៃពុធ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបង្កឱ្យមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានធ្វើការរិះគន់ធ្ងន់ៗទៅលើប្រទេសអេស្ប៉ាញ ជុំវិញបញ្ហានៅក្នុងអង្គការណាតូ (NATO) ។
លោកប្រធានាធិបតីត្រាំ បានលើកឡើងថា ប្រទេសអេស្ប៉ាញ គឺជាសមាជិករបស់អង្គការណាតូ ក៏ពិតមែន ប៉ុន្តែជាសមាជិកដែលមិនល្អទាល់តែសោះ ដោយសារតែពួកគេតែងតែបដិសេធ និងមិនចង់ចូលរួមជួយដល់ប្រទេសដទៃឡើយ ដែលទង្វើបែបនេះ លោកចាត់ទុកថាជាអាកប្បកិរិយាមិនសមរម្យ ។
ទន្ទឹមនឹងការរិះគន់ខាងលើ មេដឹកនាំអាម៉េរិករូបនេះ ក៏បានរំឭកពីប្រវត្តិសាស្ត្រកាលពីមុន ដែលប្រទេសអេស្ប៉ាញ បានបង្ខំចិត្តលះបង់ការគ្រប់គ្រងលើដែនដីសំខាន់ៗ រួមមាន កោះហ្គាំ (Guam), ប្រទេសហ្វីលីពីន (Philippines), ព័រតូរីកូ (Puerto Rico) និងគុយបា (Cuba) ដោយលោកបញ្ជាក់យ៉ាងមានមោទនភាពថា ទឹកដីទាំងនោះ បានធ្លាក់មកក្រោមការគ្រប់គ្រងរបស់អាម៉េរិកទាំងអស់ ។
លោក ត្រាំ បានសង្កត់ធ្ងន់ជាពិសេសទៅលើប្រទេសគុយបា (Cuba) ដោយលោកបង្ហើបថា បន្ទាប់ពីបានឆ្លងកាត់ភាពតានតឹងអស់រយៈពេលជាច្រើនទសវត្សរ៍មក ពេលនេះប្រទេសគុយបា កំពុងតែងាករេមករក និងដើរតាមគន្លងផ្លូវរបស់សហរដ្ឋអាម៉េរិកវិញហើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ A News/ dagens