រលកកម្ដៅនៅអឺរ៉ុប សម្លាប់មនុស្សជាង ១,៣០០នាក់ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន
អឺរ៉ុប៖ បណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបខាងលិច កំពុងតែទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីរលកកម្តៅដ៏សាហាវ ដោយនៅក្នុងប្រទេសអាល្លឺម៉ង់ សីតុណ្ហភាពបានហក់ឡើងខ្ពស់ខ្លាំងរហូតដល់ទៅ ៤១ អង្សាសេ បង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំង ។
កម្តៅដ៏សាហាវនេះ បានបណ្តាលឱ្យជ័រកៅស៊ូថ្នល់ (Bitumen) ដែលអមជុំវិញផ្លូវរថភ្លើង ក្នុងទីក្រុងលែបហ្សិក (Leipzig) រលាយហូរចូលក្នុងគន្លងដែកផ្លូវ និងផ្លូវថ្នល់ ដែលបង្ខំឱ្យអាជ្ញាធរផ្អាកសេវាដឹកជញ្ជូនរថភ្លើងក្រុងជាបណ្តោះអាសន្ន និងរងការរិះគន់ពីប្រជាពលរដ្ឋជុំវិញកង្វះខាតប្រព័ន្ធម៉ាស៊ីនត្រជាក់ និងស្ថានីយ៍ទឹកស្អាតសាធារណៈ ។
ស្ថានភាពកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) បានចេញមុខប្រកាសថា គិតចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មក មានចំនួនមនុស្សស្លាប់ខុសធម្មតារហូតដល់ទៅជាង ១,៣០០ នាក់ហើយ ដែលត្រូវគេរកឃើញថាមានការទាក់ទងផ្ទាល់ទៅនឹងគ្រោះថ្នាក់នៃរលកកម្តៅនេះ ។
ប្រជាពលរដ្ឋនៅក្នុងប្រទេសអាល្លឺម៉ង់ បានសម្តែងក្ដីព្រួយបារម្ភ និងលើកឡើងថា ពួកគេមិនទាន់មានទម្លាប់ប្រើប្រាស់ម៉ាស៊ីនត្រជាក់តាមផ្ទះ ឬតាមបណ្តាអគារវប្បធម៌ផ្សេងៗនៅឡើយទេ ដែលបង្ខំឱ្យពួកគេត្រូវលុបចោលរាល់គម្រោងដើរហើរនៅខាងក្រៅ ហើយសម្ងំនៅក្នុងផ្ទះដើម្បីការពារសុខភាព ។
ក្រៅពីប្រទេសអាល្លឺម៉ង់ វិបត្តិអាកាសធាតុក្តៅហួសពី ៤០ អង្សាសេនេះ ក៏បានរីករាលដាលទៅដល់ប្រទេសបារាំង, អេស្ប៉ាញ, អ៊ីតាលី, ប៊ែលហ្សិក, ហូឡង់ដ៍ និងសាធារណរដ្ឋឆែក ដែលកំពុងបង្កការរំខានដល់ប្រព័ន្ធដឹកជញ្ជូន និងប្រឈមភ្លើងឆេះព្រៃក្នុងកម្រិតមួយដ៏ខ្ពស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.