ព័ត៌មានអន្តរជាតិ

លោកត្រាំ ប្តេជ្ញាមិនឱ្យចិនចូលគ្រប់គ្រងព្រែកជីកប៉ាណាម៉ាដាច់ខាត និងរិះគន់ការសម្រេចចិត្តខុសឆ្គងរបស់មេដឹកនាំអាម៉េរិកជំនាន់មុនៗ

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចេញមុខប្រកាសយ៉ាងក្តៅគគុក និងប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងរារាំងរាល់ការប៉ុនប៉ងណាមួយរបស់ប្រទេសចិន ក្នុងការចូលទៅគ្រប់គ្រង និងក្តោបក្តាប់ព្រែកជីកប៉ាណាម៉ា ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់របស់ពិភពលោក។
 
សេចក្ដីថ្លែងការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងនៅក្នុងទីក្រុងមេដូរ៉ា (Medora) សហរដ្ឋអាម៉េរិក កាលពីពេលថ្មីៗនេះ ដោយលោកប្រធានាធិបតីត្រាំ បានឡើងនិយាយដោយផ្ទាល់មាត់យ៉ាងវែងអន្លាយទៅកាន់អ្នកគាំទ្រ ដោយមិនមានការមើលអត្ថបទព្រាងអ្វីឡើយ ព្រោះតែម៉ាស៊ីនជំនួយការអានអត្ថបទនៅក្នុងកម្មវិធី មិនដំណើរការដោយសារតែមានបញ្ហាបច្ចេកទេស ។
 
នៅក្នុងឱកាសនោះ លោក ដូណាល់ ត្រាំ ក៏បានរំឭកឡើងវិញនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងរិះគន់ការសម្រេចចិត្តដ៏ខុសឆ្គងរបស់រដ្ឋាភិបាលជំនាន់មុនៗរ​បស់អាម៉េរិក ដែលបានប្រគល់សិទ្ធិគ្រប់គ្រងព្រែកជីកប៉ាណាម៉ានេះទៅឱ្យប្រទេសដទៃ ដែលធ្វើឱ្យភាគីម្ខាងទៀតដំឡើងថ្លៃសេវាកប៉ាល់ដឹកទំនិញជាច្រើនដង ដើម្បីប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់អស់រយៈពេលជាច្រើនឆ្នាំ ។
 
ក្រៅពីការព្រមានទៅកាន់ប្រទេសចិន លោកប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានឆ្លៀតលើកឡើងផងដែរអំពីជោគជ័យនៃគោលនយោបាយការបរទេសរបស់លោក ទៅលើប្រទេសវេណេហ្ស៊ូអេឡា និងការដាក់សម្ពាធទៅលើសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលលោកចាត់ទុកថាជាការងារប្រហាក់ប្រហែលគ្នា ក្នុងការការពារផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកនៅលើឆាកអន្តរជាតិ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ France24