ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
រូប៖ អេង សុគុណ,លឹម មុនី

----------
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញអបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹម នៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានថ្លែងរៀបរាប់ប្រវត្តិថា “ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ អង្គការ PSE បានរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់។ ចាប់ផ្តើមពីការចែកអាហារដល់កុមារនៅលើទីលានចាក់សំរាម អង្គការបានអភិវឌ្ឍខ្លួនក្លាយជាស្ថាប័នមួយដែលទទួលបានការទទួលស្គាល់ជាផ្លូវការ និងកំពុងផ្តល់ការគាំទ្រដល់កុមារ និងយុវជនប្រមាណជិត ៧០០០ នាក់ ជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ មានយុវជនប្រមាណជិត ១៥០០ នាក់ ដែលមានអាយុចន្លោះពី ១៥ ឡើង កំពុងទទួលការបណ្តុះបណ្តាលនៅក្នុងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ PSE។ ភាគច្រើននៃយុវជនទាំងនេះបានបោះបង់ការសិក្សាមុនពេលបញ្ចប់ថ្នាក់ទី១២ ឬទី៩។ នៅទីនេះ ពួកគេទទួលបានឱកាសសិក្សារៀនសូត្រ ហ្វឹកហាត់ទាអជំនាញរឹង និងជំនាញទន់។ ក្នុងរយៈពេល ៣ ខែបន្ទាប់ពីបញ្ចប់ការសិក្សា ជាង៩៥% នៃយុវជនទាំងនោះទទួលបានការងារធ្វើដែលមានប្រាក់បៀវត្សសមរម្យ និងអាចរកចំណូលដោយខ្លួនឯងបាន។ រហូតមកដល់ពេលនេះ មានអតីតសិស្ស ៨,០០០ នាក់ហើយ ដែលបានបញ្ចប់ការសិក្សាពីអង្គការ PSE និងកំពុងបម្រើការងារយ៉ាងសកម្មក្នុងវិស័យផ្សេងៗនៅក្នុងទីផ្សារការងារកម្ពុជា”។
លោកស្រី អគ្គនាយិកាគ្រប់គ្រងទូទៅ នៃអង្គការដើម្បីភាពញញឹមនៃកុមារ បានបញ្ជាក់ថា “អាទិភាពទីមួយ របស់យើង គឺការជួយកុមារ យុវជន និងគ្រួសាររបស់ពួកគេ ឱ្យឈានទៅរកឯករាជ្យភាព និងភាពម្ចាស់ការផ្នែកសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ អាទិភាពទីពីរ គឺការបន្តលើកកម្ពស់គុណភាពនៃកម្មវិធីអប់រំរបស់យើងឱ្យកាន់តែប្រសើរឡើង ជាពិសេសនៅក្នុងសាលាពន្លឿន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។ អាទិភាពទីបី គឺការធានាថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់យើងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។ អាទិភាពទីបួន និងជាអាទិភាពចម្បងចុងក្រោយ គឺការបន្តពង្រឹងនិរន្តរភាព នៃគំរូប្រតិបត្តិការរបស់អង្គការ។
សូមជម្រាបថា ក្នងឱកាសនេះសម្តេចធិបតី នាបយករដ្ឋមន្រ្តីក៏បានប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតនៃវិទ្យាស្ថាន ប៉េ អេស អឺ សម្រាប់ឆ្នាំសិក្សា ២០២១–២០២៤» ដែលមាននិស្សិតជ័យលាភីចូលរួមសរុបចំនួន៥០០ នាក់ (ស្រី៣១៩ នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)៕