ម៉ាឡេស៊ី ព្រមានពលរដ្ឋឱ្យផ្អាកធ្វើដំណើរទៅភាគខាងត្បូងថៃ ក្រោយជនជាតិខ្លួន ២នាក់ រងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់
ថៃឡង់ដ៍៖ មានហេតុការណ៍ផ្ទុះគ្រាប់បែកបង្កៃសងខាងផ្លូវដ៏គួរឱ្យរន្ធត់មួយ បានកើតឡើងនៅក្នុងស្រុកតាកបៃ (Tak Bai) ខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ភាគខាងត្បូងប្រទេសថៃ កាលពីដើមសប្ដាហ៍នេះ ដោយបានវាយប្រហារចំរថយន្តរបស់ពលរដ្ឋម៉ាឡេស៊ី ។
នៅក្នុងគ្រោះថ្នាក់នេះ មានបុរសជនជាតិម៉ាឡេស៊ី ៣រូបកំពុងជិះនៅក្នុងរថយន្ត ប៉ុន្តែក្នុងចំណោមនោះ មានបុរសជនជាតិម៉ាឡេស៊ី ២ រូបទទួលរងរបួសធ្ងន់ រួមមានលោក អាប់ឌុល រ៉ាហ្សាលី (Abdul Razali) អាយុ ៤៥ឆ្នាំ និងលោក ម៉ូដ យូស្រ៊ី (Mohd Yusri) អាយុ ៣៨ឆ្នាំ។ ហេតុការណ៍នេះ ក៏បានធ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ។
ជនរងគ្រោះទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងមន្ទីរពេទ្យណារ៉ាធីវ៉ាត់ ក្នុងប្រទេសថៃ ហើយបច្ចុប្បន្នស្ថានភាពរបស់ជនរងគ្រោះ បានវិលត្រឡប់មករកភាពនឹងនរ និងដឹងខ្លួនឡើងវិញហើយ ។
ក្រោយកើតហេតុភ្លាមៗ ស្នងការនគរបាលរដ្ឋកេឡានតាន់ (Kelantan) លោក ដាតុ ម៉ូដ យូសូហ្វ (Datuk Mohd Yusof) បានចេញមុខអំពាវនាវ និងជំរុញយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យផ្អាកការធ្វើដំណើរទៅកាន់តំបន់ភាគខាងត្បូងប្រទេសថៃជាបណ្តោះអាសន្ន ដើម្បីជៀសវាងគ្រោះថ្នាក់ ។
ទន្ទឹមនឹងនេះ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ជុំវិញករណីវាយប្រហារនេះ ហើយអាជ្ញាធរក៏កំពុងរៀបចំសម្របសម្រួល បញ្ជូនជនរងគ្រោះត្រឡប់ទៅព្យាបាលបន្តនៅប្រទេសម៉ាឡេស៊ី វិញ នៅពេលស្ថានភាពរបួសបានធូរស្រាល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ សារព័ត៌មានម៉ាឡេស៊ី ភាសាចិន Rojaklah