ព័ត៌មានជាតិ

ក្រសួងកសិកម្ម ប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ជាយន្តការថ្មី ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ទំនុកចិត្តលើវិស័យកសិកម្ម

image

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីបានចាត់ទុកការបង្កើតសហភាពនេះថា ជាជំហានប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការពង្រឹងរចនាសម្ព័ន្ធសហគមន៍កសិកម្មទំនើបឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។ សហភាពនេះនឹងដើរតួនាទីជាយន្តការសម្របសម្រួល ដើម្បីពង្រឹងការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស និងការរៀបចំផែនការវិនិយោគប្រកបដោយយុទ្ធសាស្ត្រ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងសមាជិកសហគមន៍កសិកម្មទំនើបទាំងអស់ ដែលបានរួមចំណែកពង្រឹង និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែមានសមត្ថភាព និងប្រកួតប្រជែងបាន។
ជាមួយគ្នានេះ លោកបានអបអរសាទរចំពោះការទទួលស្គាល់ជាផ្លូវការនៃ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលមានការចូលរួមដោយស្ម័គ្រចិត្តពីសហគមន៍កសិកម្មទំនើបចំនួន ៣២ នៅទូទាំងប្រទេស។
លោករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសហភាពទាំងអស់ ឱ្យបន្តប្រកាន់ខ្ជាប់គោលការណ៍ស្មោះត្រង់ អភិបាលកិច្ចល្អ ការកសាងទំនុកចិត្ត និងការសហការគ្នាដោយផ្តោតលើផលប្រយោជន៍រួម ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើបឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព៕