សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រទេសកម្ពុជា-វៀតណាម ពិសេសអាជ្ញាធរមូលដ្ឋាននៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវសហការគ្នាជាប្រចាំដើម្បីធានាឲ្យបាននូវសន្ដិសុខតាមបន្ទាត់ព្រំដែន ពោលគឺជាព្រំដែនដែលមាន មិត្ដភាព សន្ដិភាព និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍន៍រួមគ្នា។
មានប្រសាសន៍បែបនេះ នារសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថាជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោក នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) និងគណប្រតិភូ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រី លើកទី២ រវាងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខឡាវ និងរដ្ឋមន្រ្ដីក្រសួងនគរបាលវៀតណាម ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែនសម្ដែងការអបអរចំពោះលទ្ធផលនៃកិច្ចប្រជុំនេះដែលទើបតែបញ្ចប់។
ស្របជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) បានសម្ដែងការអរគុណដែលសម្ដេចតជោ បានអនុញ្ញាតឲ្យ លោក និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម នាពេលនេះ។ លោក បានជម្រាបជូនសម្ដេចតេជោ ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីដែលបានបញ្ចាប់ទៅនេះ បានបង្ហាញយ៉ាងច្បាស់ពីចំណងមិត្ដភាពរវាងប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាម ជាពិសេសមិត្ដភាពកម្ពុជា និងរៀតណាម។
លោក បានលើកឡើងថា កម្ពុជា-វៀតណាម មានចំណងមិត្ដភាពជាប្រពៃណីជាមួយគ្នាដូចនេះបញ្ហាដែលទាក់ទង និងសន្ដិសុខ ភាគីទាំងពីរគឺត្រូវតែជួយគាំទ្រគ្នាទៅវិញទៅមកដែលជាកត្ដាសំខាន់ក្នុងការធានាបាននូវសន្ដិសុខរវាងប្រទេសទាំងពីរ បន្ថែមពីនេះឯកឧត្ដម បានលើកឡើងថា ចំពោះការប្រយុទ្ធប្រឆាំងនឹងកម្លាំងណាមួយដែលប្រើប្រាស់ទឹកដីម្ខាង ហើយប្រឆាំងនឹងប្រទេសមួយទៀត ដែលជាចំនុចមួយដែលប្រទេសទាំង៣ រួមគ្នាធ្វើកិច្ចការងារនេះកុំឲ្យមានបញ្ហាអសន្ដិសុខណាមួយកើតឡើង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគាំទ្រ និងពេញចិត្ដ ចំពោះការលើកឡើងរបស់ នាយឧត្តមសេនីយ៍ លឿង តាមក្វាង (Lương Tam Quang) ដែលសម្ដេចតេជោ បានសង្កត់ធ្ងន់ថា ចំណុចដែលជៀសវាងឲ្យបាននោះគឺកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត ក្រៅពីនេះសម្ដេចតេជោ ក៏បានជុំរុញឲ្យប្រទេសទាំងពីរ ពិសេសអាជ្ញាធរមូលដ្ឋាននៅតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវសហការគ្នាជាប្រចាំដើម្បីធានាឲ្យបាននូវសន្ដិសុខតាមបន្ទាត់ព្រំដែន ពោលគឺជាព្រំដែនដែលមាន មិត្ដភាព សន្ដិភាព និងកិច្ចសហប្រតិបត្ដិការ អភិវឌ្ឍន៍រួមគ្នា ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់លើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមានចេតនាបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង