ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ប្រកាសផ្តល់ជំនួយ ១៤លានដុល្លារ ទៅកាន់វេណេហ្ស៊ូអេឡា ក្រោយគ្រោះរញ្ជួយដី

image


ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស លោក គូ ជៀគុន (Guo Jiakun) កាលពីដើមសប្ដាហ៍នេះ បានប្រកាសពីការសម្រេចបញ្ជូនជំនួយមនុស្សធម៌បន្ទាន់ដែលមានតម្លៃ ១០០ លានយន់ ឬប្រហែល ១៤ លានដុល្លារអាមេរិក ទៅកាន់ប្រទេសវេណេហ្ស៊ូអេឡា (Venezuela) ដើម្បីជួយស្តារឡើងវិញ បន្ទាប់ពីប្រទេសដែនកោះនេះ រងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរលើក កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ដែលបានសម្លាប់មនុស្ស ១,៤៥០ នាក់ និងរបួសជាង ៣,០០០ នាក់ ។
 
បន្ថែមលើកញ្ចប់ថវិកា, គ្រឿងឧបភោគបរិភោគ ចិនក៏បានផ្តល់រូបភាពពីផ្កាយរណបយោធាទៅកាន់តំបន់រងគ្រោះមហន្តរាយ ដើម្បីគាំទ្រដល់ប្រតិបត្តិការស្វែងរក ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនចិននៅក្នុងប្រទេសវេណេហ្ស៊ូអេឡា បានប្រមូលផ្តុំគ្នាផ្តល់គ្រឿងចក្រ និងសម្ភារៈវេជ្ជសាស្ត្រជាបន្ទាន់ ។
 
ដោយឡែក ទីក្រុងប៉េកាំង ក៏បានងាកមកបើកការវាយប្រហារការទូតយ៉ាងក្តៅគគុកនៅក្នុងតំបន់អាស៊ី ដោយបានច្រានចោលនូវការតវ៉ារបស់ជប៉ុន ជុំវិញការបញ្ជូននាវាល្បាតចូលទៅជិតកោះយូណាហ្គូនី (Yonaguni Island)។ លោក គូ ជៀគុន បានបន្តចោទប្រកាន់ទីក្រុងតូក្យូ និងទីក្រុងម៉ានីល ថាបានរំលោភបំពានលើច្បាប់សមុទ្រអន្តរជាតិ UNCLOS យ៉ាងធ្ងន់ធ្ងរ តាមរយៈការប៉ុនប៉ងបើកការចរចាខណ្ឌសីមាដែនសមុទ្រត្រួតស៊ីគ្នាដោយរំលងមុខប្រទេសចិន ។
 
ជាការឆ្លើយតប ចិនបានសម្រេចដាក់បញ្ចូលស្ថាប័ន និងក្រុមហ៊ុនបច្ចេកវិទ្យាយោធាយក្សរបស់ជប៉ុនចំនួន ២០ រួមមានក្រុមហ៊ុន មីតស៊ូប៊ីស៊ី (Mitsubishi) ជាដើម ទៅក្នុងបញ្ជីខ្មៅគ្រប់គ្រងការនាំចេញ ដើម្បីទប់ស្កាត់ការរីកចម្រើននៃលទ្ធិយោធានិយមថ្មីរបស់ជប៉ុន ។
 
ភាពតានតឹងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនៅក្នុងតំបន់អាស៊ី បានឈានដល់ចំណុចកំពូល បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈី (Sanae Takaichi) បានបង្ហើបពីលទ្ធភាពដែលកងទ័ពជប៉ុន អាចនឹងលូកដៃធ្វើអន្តរាគមន៍យោធា ប្រសិនបើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់ ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ជប៉ុន ដោយការណ៍នេះ បានជំរុញឱ្យជប៉ុនបង្កើនការសម្រុកពង្រឹងវិស័យការពារជាតិ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
 
ក្រៅពីនេះ អ្នកនាំពាក្យចិន ក៏បានផ្ញើសារព្រមានទៅកាន់ប្រទេសអូស្ត្រាលី ជុំវិញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខតម្លៃ ៥០០ លានដុល្លារ ហៅថា កិច្ចព្រមព្រៀងណាកាម៉ាល់ (Nakamal Agreement) ជាមួយប្រទេសវ៉ានូអាទូ (Vanuatu) ដោយដាស់តឿនថា កិច្ចសហប្រតិបត្តិការការពារជាតិណាមួយមិនគួរដៅលើភាគីទីបី ឬប្រើប្រាស់ជាលេស ដើម្បីដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយនោះឡើយ ខណៈចិនខ្លួនឯង ក៏កំពុងជំរុញកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ណាមេឡេ (Namele Agreement) ជាមួយប្រទេសដែនកោះនេះផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.