ព័ត៌មានអន្តរជាតិ

លុយយ៉េនជប៉ុន ដាំក្បាលចុះខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំ

image

ជប៉ុន៖ តម្លៃលុយយ៉េនរបស់ជប៉ុន បានដាំក្បាលចុះយ៉ាងខ្លាំង នៅថ្ងៃអង្គារនេះ ដោយបានធ្លាក់ចុះដល់កម្រិត ១៦២.៤១ យ៉េន ក្នុងមួយដុល្លារអាមេរិក ដែលជាតម្លៃទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ១៩៨៦ មក និងបង្កឱ្យមានក្ដីបារម្ភពីវិធានការលូកដៃកែខៃទីផ្សារពីអាជ្ញាធរជប៉ុន ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី សាតស៊ូគិ កាតាយ៉ាម៉ា (Satsuki Katayama) បានចេញមុខប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាត់វិធានការសមស្របគ្រប់ពេលវេលា ដើម្បីស្រោចស្រង់រូបិយប័ណ្ណជាតិ ខណៈគម្លាតអត្រាការប្រាក់ដ៏ធំធៀបនឹងលុយដុល្លារអាមេរិក បានធ្វើឱ្យលុយយ៉េនធ្លាក់ចុះ ៤ ត្រីមាសជាប់ៗគ្នា ។

ទោះជាយ៉ាងណាក្ដី ក្រុមអ្នកវិភាគទីផ្សារហិរញ្ញវត្ថុ ដឹកនាំដោយលោកស្រី ឃែរ៉ូល គង់ (Carol Kong) មកពីធនាគារខុមមុនវៀល ប៊ែង អហ្វអូស្ត្រាលី (Commonwealth Bank of Australia) យល់ឃើញថា វិធានការលូកដៃណាមួយរបស់ជប៉ុន គឺនៅតែមិនអាចទៅទប់ទល់នឹងចរន្តឡើងថ្លៃដ៏មានឥទ្ធិពលរបស់លុយដុល្លារបាននោះទេ ហើយលុយយ៉េនអាចនឹងបន្តធ្លាក់ចុះរហូតដល់ ១៦៤ យ៉េននៅដើមឆ្នាំ២០២៧ ។

ចំណែកលោក ម៉ាត ស៊ីមសុន (Matt Simpson) អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន ស្តូនអ៊ិច (StoneX) បានអះអាងថា ជប៉ុនកំពុងហែលទឹកបញ្ច្រាសទិសជាមួយនឹងជំហរដំឡើងការប្រាក់ដ៏រឹងមាំរបស់ធនាគារកណ្តាលអាមេរិក (Fed) ព្រោះថាការចំណាយលុយរាប់ពាន់លានដុល្លារទៅកែខៃទីផ្សារកន្លងទៅ គឺគ្រាន់តែអាចជួយទប់បានមួយគ្រាប៉ុណ្ណោះ ប៉ុន្តែមិនអាចទប់ទល់នឹងរលកសម្ពាធដ៏ខ្លាំងក្លានេះបានយូរអង្វែងឡើយ។

ទន្ទឹមនឹងនេះ សន្ទស្សន៍លុយដុល្លារអាមេរិក នៅតែបន្តរក្សាជំហររឹងមាំ និងបានជះឥទ្ធិពលអវិជ្ជមាន ធ្វើឱ្យរូបិយប័ណ្ណធំៗផ្សេងទៀត ដូចជា លុយអឺរ៉ូ, លុយដុល្លារអូស្ត្រាលី និងលុយផោនអង់គ្លេស ធ្លាក់ចុះខ្សោយដូចៗគ្នា ស្របពេលអ្នកវិនិយោគសម្រុកភ្នាល់លើភាពខ្លាំងរបស់លុយដុល្លារ ។

ក្រៅពីបញ្ហាសេដ្ឋកិច្ច ភាពមិនច្បាស់លាស់នៃកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងដូហា (Doha) រួមផ្សំនឹងការបាញ់មីស៊ីលតបតគ្នាកាលពីចុងសប្តាហ៍មុន ក៏បានបន្ថែមសម្ពាធអតិផរណាសកល និងធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិននៅក្នុងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បន្តស្ថិតក្នុងភាពផុយស្រួយខ្ពស់ផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ (Yevgen Romanenko | Moment | Getty Images)/ Ronnie Harui.